រដ្ឋមន្រ្តីព័ត៌មាន៖ នៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ ឬជាប់ពន្ធនាគារដោយសារតែបំពេញការងារតាមវិជ្ជាជីវៈខ្លួននោះទេ

Posted By: RoogRog Robot | 01-May-2024 14:17:37

2024-05-01 01:11pm

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន ប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី <<ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា>> នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជា មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ និងជាប់ពន្ធនាគារដោយសារតែការប្រកបការងារស្របតាមវិជ្ជាជីវៈរបស់ខ្លួននោះទេ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ផ្អែកលើលទ្ធផលនៃការសិក្សា បានឱ្យដឹងថា អ្នកសារព័ត៌មានចំនួន៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថា ភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

លោករដ្ឋមន្រ្តីបានបន្តថា ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិសរុបមនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានខណៈមនុស្សចំនួន ៩២,១% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ហើយ៩៩,៤% បានគាំទ្រការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីក្រសួងបានឱ្យដឹងដូច្នេះថា៖ <<បើទោះបីជាយើងមិនល្អឥតខ្ចោះ តែស្ថានភាពព័ត៌មាននៅកម្ពុជាល្អប្រសើរ ហើយខ្ញុំសូមបញ្ជាក់ចុងក្រោយថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាដែលស្លាប់ដោយសារតែការប្រកបវិជ្ជាជីវៈទេ ហើយក៏មិនមានអ្នកសារព័ត៌មានជាប់ពន្ធនាគារដោយសារតែអនុវត្តក្រមសីលធម៌វិជ្ជាជីវៈស្របច្បាប់ ខ្ញុំនិយាយស្របច្បាប់ ដោយខ្ញុំមិននិយាយបទល្មើសកំហែងទារ(ប្រាក់) ឬបញ្ហា(បទល្មើស)ផ្សេងៗនោះទេ>>។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាសេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយសិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាជាកម្លាំងដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក នេត្រ ភក្ត្រា បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដែលមានមនលិការចង់ក្លាយជាអ្នកសារព័ត៌មាន សូមកុំឱ្យមានការភ័យខ្លាចថាអាជីពជាអ្នកសារព័ត៌មាននឹងបង្កគ្រោះថ្នាក់ ហានិភ័យដល់អាយុជីវិត ប្រសិនជាអ្នកសារព័ត៌មានទាំងនោះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈ។ ម៉្យាងវិញទៀតសម្រាប់ទីផ្សារអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា ក៏មានភាពទូលំទូលាយនៅឡើយ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...