មនុស្សយ៉ាងហោចជិត២០នាក់ស្លាប់ ក្នុងហេតុការណ៍បាក់កំណាត់ផ្លូវហាយវេ នៅភាគខាងត្បូងប្រទេសចិន

Posted By: RoogRog Robot | 01-May-2024 14:11:19

2024-05-01 01:10pm

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ចំនួន១៩នាក់ បានបាត់បង់ជីវិត នៅពេល​ដែលកំណត់ផ្លូវហាយវេមួយខ្សែ បានបាក់ស្រុតនៅខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយ CCTV បានឱ្យដឹងថា ផ្នែកមួយនៃផ្លូវហាយវេខាងលើ ស្ថិតនៅរវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត Guangdong បានបាក់ស្រុត កាលពីវេលាម៉ោងប្រមាណ ២៖១០នាទីរំលងអធ្រាត្រថ្ងៃពុធនេះ។ ឧប្បត្តិហេតុនោះ បានបង្កឱ្យយានយន្ត១៨គ្រឿងត្រូវជាប់គាំង ហើយប៉ះពាល់ដល់មនុស្សសរុប៤៩នាក់។ គិតត្រឹមម៉ោង១១៖៤៥នាទីព្រឹក មនុស្ស១៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ខណៈ៣០នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះព្យាបាល នៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ថា មូលហេតុនៅពីក្រោយការបាក់ស្រុតកំណាត់ផ្លូវហាយវេ S12 នៅមិនទាន់ដឹងច្បាស់ទេ ខណៈអាជ្ញាធរមូលដ្ឋាន បានជូនដំណឹង​ ឱ្យអ្នកដំណើរជ្រាបថា ចំណុចដែលរងការខូចខាតនោះ ត្រូវបានបិទមិនឱ្យធ្វើចរចារណ៍ជាបណ្តោះអាសន្នទាំងទៅទាំងមក។ ប៉ុន្មានសប្តាហ៍មក​នេះ ខេត្ត Guangdong ត្រូវគេសង្កេតឃើញថា បានទទួលរងបាតុភូតអាកាសធាតុអាក្រក់ៗជាបន្តបន្ទាប់ រាប់ចាប់តាំងពីគ្រោះទឹកជំនន់ រហូតដល់ខ្យល់​ព្យុះថូណេដូ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...