សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួងស្ថាប័ន ត្រូវរហ័សរហួនបំភ្លឺលើរឿងរ៉ាវដែលគេវាយប្រហារ ពាក់ព័ន្ធក្រសួងស្ថាប័នខ្លួន និងធ្វើឱ្យគ្រប់ជ្រុងជ្រោយ កុំចាំតែសម្តេចប្រតិកម្មម្នាក់ឯង (Video inside)

Posted By: RoogRog Robot | 01-May-2024 13:13:39

2024-05-01 12:10pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរហ័សរហួនក្នុងការចេញបំភ្លឺលើរឿងរ៉ាវពាក់ព័ន្ធនឹងក្រសួងស្ថាប័នរបស់ខ្លួន ជៀសវាងបុគ្គលខ្លះផ្សាយបំភ្លៃ ដែលនាំឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ។

សម្តេចថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

សម្តេចមានប្រសាសន៍ថា កន្លងមកតែងតែមានជនឆ្លៀតឱកាសធ្វើការវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងស្ថាប័នមួយចំនួន។ ប្រសិនបើ ក្រសួងស្ថាប័នពាក់មិនចេញមុខស្រាយបំភ្លឺទេនោះ នឹងឱ្យប្រជាពលមានការយល់ច្រលំ ។ ជាក់ស្តែងកន្លងមកករណីកំពង់ផែនៅខេត្តកំពត និងករណីនៃការផ្ទុះគ្រាប់ដែលបង្កឱ្យយោធិនពលី ២០រូប ទទួលមរណភាព ក៏មានអ្នកយកទៅផ្សព្វផ្សាយបំភ្លៃផងដែរ។

ក្នុងករណីទាំងនេះ ក្រសួងការពារជាតិ ក៏ដូចជាក្រសួងសាធារណការ ត្រូវតែចេញមុខពន្យល់ ស្រាយបំភ្លឺដល់ប្រជាពលឱ្យយល់ ជៀសវាងពួកគាត់មានការយល់ច្រលំ។

សម្តេចបានគូសបញ្ជាក់ថា រាល់ការចេញបំភ្លឺលើករណីណាមួយ ត្រូវតែធ្វើឱ្យគ្រប់ជ្រុងជ្រាយ ដើម្បីប្រជាពលរដ្ឋដឹងឱ្យបានទូលំទូលាយ ហើយកុំឱ្យសម្តេចចេញមុខការពារតែម្នាក់ឯង។

សម្តេចធិបតីបានពន្យល់យ៉ាងដូច្នេះថា៖ <<ដូចមិញខ្ញុំបញ្ជាក់ទៅឯកឧត្តម ប៉េង ពោធិ៍នា ឯកឧត្តម ស៊ុន ចាន់ថុល បើគេវ៉ៃអារឿងហ្នឹង គេលើកមកបំភ្លៃនៅបញ្ហារឿងកំពង់ផែនៅកំពត ត្រូវតែចេញទៅពន្យល់ភ្លាម ប្រជាពលរដ្ឋគាត់អត់ដឹង គាត់ជាម្ចាស់ប្រទេស គាត់ក៏មានសិទ្ធិបារម្ភ ថាតើផែដែលយើងនិយាយមែនទែន មិនដើរមែនឬអី យើងត្រូវមានសិទ្ធិការពារ ហើយកុំឱ្យខ្ញុំការពារម្នាក់ឯង។ ក្រសួងស្ថាប័នជំនាញត្រូវប្រតិកម្មរហ័ស ហើយប្រតិកម្មឱ្យគ្រប់ជ្រុងជ្រោយ កុំចេញតែក្រដាសតែមួយសន្លឹកនៅក្នុងផេករបស់ខ្លួន ហើយចប់ ដល់ទៅមើលមានតែ១០ view ដល់ពេលដែលគេវ៉ៃយើងគេមើលរាប់លាន ត្រូវផ្សព្វផ្សាយទាំងអស់ ដាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយឱ្យគ្រប់ ឱ្យប្រជាពលរដ្ឋយើងដឹង ថាការពិតវាអ៊ចេះ>>។

ជាមួយគ្នានេះ គ្រប់បណ្តារាជធានៅខេត្តទាំងអស់ ក៏ត្រូវចេះពន្យល់ ឱ្យប្រជាពលរដ្ឋយល់អំពីផលប្រយោជន៍ពិតប្រាកដ ដែលរាជរដ្ឋាភិបាលបានធ្វើផងដែរ៕
















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...