ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ី ផ្ទុះឡើងជាថ្មី មនុស្សជាង ១២,០០០នាក់ ត្រូវបានជម្លៀសចេញ

Posted By: RoogRog Robot | 30-Apr-2024 22:04:11

2024-04-30 08:55pm

(ហ្សាការតា)៖ ភ្នំភ្លើង Ruang ក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារសប្តាហ៍នេះ បានផ្ទុះឡើងជាថ្មី ដោយបានបញ្ចេញកម្អែភ្នំភ្លើងចុះពីលើជម្រាលភ្នំ និងផ្លេកបន្ទោរបំភ្លឺដល់មាត់ជ្រោះរបស់វា។ អាជ្ញាធរ​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន និង​ជម្លៀស​មនុស្ស​ជាង ១២, ០០០​នាក់​ចេញ​ពី​កោះ​ក្បែរ​នោះ។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) បានព្រមានអ្នកស្រុកនៅកោះ Tagulandang ថា វត្ថុធាតុភ្នំភ្លើងដែលបាក់ចូលទៅក្នុងសមុទ្រ អាចបង្កជារលកយក្សស៊ូណាមិ។ ការ​ព្រមាន​នេះ​ត្រូវ​បាន​ចេញ​នៅ​ពេល​ព្រឹក និង​បាន​បន្ត​រហូត​ដល់​ពេល​រសៀល។

បន្ទាប់ពីការផ្ទុះនេះ PVMBG បានដំឡើងស្ថានភាពប្រកាសអាសន្នរបស់កោះ Ruang ដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យប្រជាជននៅឱ្យឆ្ងាយពីវា។ អ្នកស្រុកទាំងអស់ ៨៤៣ នាក់នៃកោះ Ruang ដែលជាកន្លែងភ្នំភ្លើងស្ថិតនៅ ត្រូវបានគេផ្លាស់ទីលំនៅទៅរដ្ឋធានី Manado នៃខេត្ត North Sulawesi។ ក្នុងពេលជាមួយគ្នានេះ អ្នកស្រុក Tagulandang ត្រូវបានផ្លាស់ទីលំនៅទៅកោះតូចៗនៅភាគខាងជើង។

គួរជម្រាបថា មុនពេលការផ្ទុះចុងក្រោយនេះ មានការផ្ទុះជាបន្តបន្ទាប់កាលពីដើមខែនេះផងដែរ ដែលនាំទៅដល់ការជម្លៀសមនុស្សរាប់រយនាក់ និងការបិទព្រលានយន្តហោះក្នុងរដ្ឋធានី Manado នៃខេត្ត North Sulawesi ទៀតផង។ ការ​ផ្ទុះ​ទាំង​នេះ​ក៏​បាន​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​មួយ​ចំនួន​ផង​ដែរ ។ ក្នុងអំឡុងពេលនោះ អាជ្ញាធរភ្នំភ្លើងក៏បានចេញការព្រមានអំពីសក្តានុពលនៃរលកយក្សស៊ូណាមិផងដែរ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...