អាជ្ញាធរស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចុះពិនិត្យប្រភពទឹក និងត្រៀមមធ្យោបាយសម្រាប់ដឹកទឹកចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត

Posted By: RoogRog Robot | 30-Apr-2024 17:55:25

2024-04-30 04:49pm

(ឧត្តរមានជ័យ)៖ លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពក្នុងភូមិសាស្ត្រទូទាំងស្រុករកប្រភពទឹក ដើម្បីត្រៀមអន្តរាគមន៍ដឹកជញ្ជូន ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រសិនបើស្ថានភាពរាំងស្ងួតនៅតែអូសបន្លាយ។

លោក រឹទ្ធី ប៉ាក់ បានថ្លែងប្រាប់ភ្នាក់ងាព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះថា ការចុះពិនិត្យរកប្រភពទឹកតាមបណ្តាលឃុំ និងភូមិ ទូទាំងស្រុកឃើញថា មានឃុំពង្រ និងឃុំក្រសាំង ដែលប្រឈមនឹងការខ្វះខាតទឹក។ ដោយឡែកឃុំពង្រ ប្រឈមនឹងការខ្វះខាតទឹកចំនួន២ភូមិ គឺភូមិបន្ទាយជ័រ និងភូមិកណ្តុរដុំ ចំណែកឃុំក្រសាំង ដែលមានការប្រឈមនឹងការខ្វះខាតទឹក គឺមានភូមិគោកស្ពាន។

លោកអភិបាលស្រុក បានបញ្ជាក់ថា ក្រោយចុះពិនិត្យជាក់ស្តែងរួច រដ្ឋបាលស្រុកបានត្រៀមមធ្យោបាយ សម្ភារ សម្រាប់ដឹកទឹកចែកជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរងហានិភ័យ ខ្វះមធ្យោបាយ ខ្វះធនធានសម្រាប់ដឹកជញ្ជូនទឹក សំដៅលើគ្រួសារក្រីក្រជាក់ស្តែង។

ដោយឡែក លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានលើកឡើងថា មកដល់ថ្ងៃនេះខេត្តឧត្តរមានជ័យ មិនទាន់មានភូមិណាមួយប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់នៅឡើយទេ ប៉ុន្តែប្រសិនបើរលកកំដៅនៅតែបន្តកើនឡើង ហើយទឹកភ្លៀងនៅតែអូសបន្លាយមិនធ្លាក់ រយៈពេល១ខែទៀត ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ អាចនឹងមានភូមិមួយចំនួនប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

លោកថាប្រសិនបើបញ្ហានេះកើតឡើង រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏ដូចជារដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ បានត្រៀមរួចរាល់ហើយនូវមធ្យោបាយ សម្ភារ ដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋ ក្នុងករណីរលកកំដៅបន្តកើនឡើង ហើយភ្លៀងធ្លាក់បន្តអូសបន្លាយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...