ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍ ៨ចំណុច ជំរុញប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារ ARDB ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល (Video inside)

Posted By: RoogRog Robot | 30-Apr-2024 16:06:19

2024-04-30 03:01pm

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍ចំនួន ៨ចំណុច ដើម្បីជំរុញប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការដាក់ចេញអនុសាសន៍របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសអញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារការិយាល័យកណ្តាលថ្មីរបស់ធនាគារ ARDB នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា លោកសូមស្នើឱ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារ យកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម៖

ទី១៖ គិតគូរដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិតស្របតាមដែន-សមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ នូវភារកិច្ចទាំងឡាយ ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ទី២៖ បន្តចូលរួមក្នុងដំណើរការរៀបចំ, តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដើម្បីបើកកាលានុវត្តភាពបន្ថែម ក្នុងការបញ្ជា្របផលិតផល និងសកម្មភាពរបស់ធនាគារ ឱ្យកាន់តែច្រើន និងទូលំទូលាយ។

ទី៣៖ ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជន ឱ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងមុនពេល និងក្រោយពេលប្រមូលផល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារ សម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និងកសិឧស្សាហកម្ម។

ទី៤៖ បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី។

ទី៥៖ បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន, ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាឱ្យកាន់តែកៀកនឹងអតិថិជន។

ទី៦៖ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើម។

ទី៧៖ ចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ឥណទានសម្រាប់ពង្រីក និង លើកកម្ពស់ផលិតកម្មកសិកម្ម។

ទី៨៖ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី-បុគ្គលិក, ការបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងការរៀបចំ ប្រព័ន្ធផ្តល់ការលើកទឹកចិត្តសមស្រប សម្រាប់មន្រ្តី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយគួបផ្សំជាមួយនឹងការពង្រឹងវិន័យការងារផងដែរ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងរំលឹកថា ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និងត្រូវបានធ្វើបរិវត្តកម្មទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទាន ដល់វិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល, សំដៅលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅជនបទ និង បំពេញចន្លោះខ្វះខាតនៃការផ្តល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។

ដោយមានការយកចិត្តទុកដាក់ និង ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រេចបាននូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ រួមបញ្ចូលនូវការកសាងនូវអគារការិយាល័យកណ្តាលថ្មី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះផងដែរ។

អគារការិយាល័យកណ្តាលថ្មីនេះ គឺជាសក្ខីភាពជាក់ស្តែងនៃសមិទ្ធផល ប្រកបដោយមោទនភាព និងជាសញ្ញានៃការបោះជំហានទៅមុខ ប្រកបដោយភាពស្វាហាប់ របស់ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការបំពេញបេសកកម្មរបស់ខ្លួន នៅក្នុងដំណាក់កាលបន្តបន្ទាប់ខាងមុខ សំដៅពង្រីកវិសាលភាពប្រតិបត្តិការ, ពង្រឹងគុណភាព និងផ្តល់ភាពកាន់តែងាយស្រួល ក្នុងការផ្តល់សេវាធនាគារ ក៏ដូចជា ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់ អតិថិជន និងសាធារណជនទូទៅ។

សម្រាប់ទិសដៅអនាគត, ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ចាំបាច់ត្រូវបន្តបេសកកម្ម និងតួនាទីរបស់ខ្លួន ឱ្យបានកាន់តែប្រសើរ ក្នុងនាមជាធនាគារគោល-នយោបាយរបស់ជាតិ ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្ម, ការចូលរួមអភិវឌ្ឍខ្សែក្រវ៉ាត់កសិកម្ម និងការផ្គត់ផ្គង់, ខ្សែច្រវាក់តម្លៃ និងផលិតភាព, ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ឱ្យកាន់តែសកម្ម និង ខ្លាំងក្លាបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងជវភាពខ្ពស់។

បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានរំលេចនូវសមិទ្ធផលចម្បងៗ ដែល ARDB សម្រេចរួមមាន៖* ចាប់ផ្តើមពីធនាគារដែលមានតែទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ ទៅជាធនាគារដែលមានបណ្តាញសាខា និងការិយាល័យចល័តចំនួន១៤ នៅតាមបណ្តាខេត្តក្រុង* ចាប់ផ្តើមពីធនាគារ ដែលបម្រើសេវាបែបប្រពៃណី ទៅជាធនាគារដែលបម្រើសេវាបែបឌីជីថល។* មូលនិធិភាគទុនិក (Total Shareholder Equity) ចាប់ផ្តើមពី ២.៤៨លានដុល្លារ ក្នុងឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណ ១៧០លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ* សំពៀតឥណទាន (Total Loan Portfolios) ដោយចាប់ផ្តើមពី ០.៥២លានដុល្លារ នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៤២៣លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២៨% ក្នុងមួយឆ្នាំ* ទ្រព្យសកម្មសរុប (Total Assets) ដោយចាប់ផ្តើមពី ២.៤៩លានដុល្លារ នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៤៦០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមាន កំណើនជាមធ្យមប្រមាណ ២៣% ក្នុងមួយឆ្នាំ៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...