នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Posted By: RoogRog Robot | 30-Apr-2024 16:06:19

2024-04-30 03:02pm

(កំពង់ឆ្នាំង)៖ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដាគោលដៅជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយ និងអប់រំណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវនានា បំណងឲ្យពួកគាត់យល់ដឹងបន្ថែមទៀត អំពីច្បាប់ចរាចរណ៍ដើម្បីរួមគ្នា កាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពនៅទូទាំងខេត្ត។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការណែនាំអប់រំអំពីច្បាប់ចរាចរណ៍ និងធ្វើការផាកពិន័យទៅលើជនណា ដែលមិនគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋងាកមកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងឲ្យស្របទៅតាមលទ្ធផលដែលខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ៥ នៅទូទាំងប្រទេស ចំពោះករណីមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃកន្លងទៅនេះ។

លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តទៅតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មន្ត្រីនគរបាលទាំងអស់ តាំងពីថ្នាក់ខេត្តរហូតដល់ប៉ុស្តិ៍រដ្ឋបាល ត្រូវអនុវត្តតាមតួនាទីរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានអំពីភូមិឃុំមានសុវត្ថិភាព។

លោកបន្ដថា កត្តាសំខាន់ចំពោះមុខ គឺការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាតួនាទីរបស់មន្ត្រីនគរបាលចរាចរណ៍ គឺត្រូវធ្វើយ៉ាងណារិះរកគ្រប់មធ្យោបាយ ដើម្បីពន្យល់អប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីបញ្ជៀស និងកាត់បន្ថយឲ្យបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ឯក លី ណា ដែលកំពុងដឹកនាំមន្ត្រីនគរបាលចុះអនុវត្តច្បាប់នៅគោលដៅខាងលើនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់តាមដងផ្លូវថ្នល់ទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដោយត្រូវយល់ដឹង និងស្គាល់អំពីផ្លាកសញ្ញាចរាចរណ៍ផ្សេងៗជាច្រើន ដែលស្ថាប័នជំនាញបានលើកផ្លាកចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ និងត្រូវស្គាល់ឲ្យច្បាស់អំពីផ្លាកសញ្ញាគំនូសលើទ្រូងផ្លូវដែលជាផ្លាកសញ្ញាដ៏មានសារៈសំខាន់ និងអនុវត្តទៅតាមផ្លាកសញ្ញាចរាចរណ៍ទាំងអស់ខាងលើនេះ គឺអាចកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...