ស្ពានបេតុងឆ្លងកាត់ទំនប់បង្ហៀរ ក្នុងស្រុកអន្លង់វែង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងធនធានទឹក នឹងដាក់ឲ្យដំណើរការនៅខែកក្កដាខាងមុខ

Posted By: RoogRog Robot | 30-Apr-2024 16:00:01

2024-04-30 02:55pm

(ឧត្តរមានជ័យ)៖ ស្ពានបេតុងមួយខ្សែដែលកំពុងសាងសង់ឆ្លងកាត់លើទំនប់បង្ហៀរមួយកន្លែង ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលនានា នៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ស្ពាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះថា ស្ពានបេតុងដែលកំពុងសាងសង់លើទំនប់បង្ហៀរនេះ គឺជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាចំណងដៃជូនប្រជាពលរដ្ឋ ខេត្តឧត្តរមានជ័យ។

លោកប្រធានមន្ទីរ បានថ្លែងទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងមមាញឹកសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងគោលបំណងបង្កើនលទ្ធភាពការស្រោចស្រពដំណាំស្រូវ ដំណាំរួមផ្សំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបង្កើនប្រភពទឹកប្រើប្រាសលើគ្រប់វិស័យ។

សម្រាប់ខេត្តឧត្តរមានជ័យ ក្រសួងធនធានទឹក និងឧតុនិយម កំពុងសាងសង់ស្ពានបេតុងមួយខ្សែប្រវែង១២៥ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់៥.៥ម៉ែត្រ លើសំណង់ទំនប់បង្ហៀរទំនប់ថ្មី ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងអនុវត្តសាងសង់ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក គិតមកដល់ពេលនេះគឺសាងសង់បាន៥៥%ហើយ។

បើតាមលោកប្រធានមន្ទីរ, ស្ពានបេតុងដែលកំពុងសាងសង់នេះ មានសារៈប្រយោជន៍ខ្លាំងណាស់ តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ជាពិសេសក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។

លោកបញ្ជាក់ទៀតថា កាលពីមិនទាន់កសាងស្ពានបេតុងលើទំនប់បង្ហៀរនេះ ពេលរដូវវស្សាប្រជាពលរដ្ឋនៅតំបន់នេះ មានការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ត្រូវឆ្លងកាត់ទឹក ដោយជិះទូក ជិះត្រាក់ទ័រ ហើយពេលខ្លះដោយទឹកហូរខ្លាំងលើទំនប់បង្ហៀរ បានធ្វើឲ្យធម្យោបាយរបស់ប្រជាពលរដ្ឋត្រូវទឹកហូរគួចធ្លាក់ និងពេលខ្លះទៀតមានគ្រោះថ្នាក់ដល់មនុស្សទៀតផង។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មានការអបអរសាទរ សប្បាយរីករាយក្នុងចិត្តខ្លាំងណាស់ ដោយលែងពិបាកឆ្លងកាត់ឧបសគ្គ ក្នុងការធ្វើដំណើរនៅរដូវវស្សាទៀតហើយ។ លោកថាអាងទឹកទំនប់ថ្មីនេះ មានសមត្ថភាពស្តុកទឹកបាន១៥០លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទៅអាងទឹកស្ទឹងស្រែងទី២ និងទី១ និងបន្តទៅស្រោចស្រពដំណាំស្រូវប្រមាណ២៥,០០០ហិកតា នៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយអាងទឹកទំនប់ថ្មីនេះក៏ជាប្រភពជម្រកមច្ឆាជាតិ ប្រព័ន្ធជីវចម្រុះ និងជាកន្លែងទេសចរណ៍ធម្មជាតិផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...