មន្ត្រីជាន់ខ្ពស់កាតា ជំរុញទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ឱ្យធ្វើអ្វីបន្ថែមទៀត ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់

Posted By: RoogRog Robot | 28-Apr-2024 20:33:28

2024-04-28 07:30pm

(ហ្គាហ្សា)៖ មន្ត្រីកាតាជាន់ខ្ពស់មួយរូប បានអំពាវនាវទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ឱ្យបង្ហាញពីការប្តេជ្ញាចិត្ត និងភាពម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការចរចាបទឈប់បាញ់ ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ នៃការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអាចបន្ធូរបន្ថយជម្លោះរយៈពេលជិតប្រាំពីរខែនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៤។

ប្រទេសកាតា ដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាស់នៅទីក្រុងដូហា បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្រុះសម្រួលក្នុងអំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់។ រួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប កាតាបានដើរតួយ៉ាងសំខាន់ក្នុងការឈានទៅដល់បទឈប់បាញ់បណ្តោះអាសន្នកាលពីខែវិច្ឆិកា ដែលសម្រេចបាននូវការដោះលែងចំណាប់ខ្មាំងជាច្រើននាក់ផងដែរ។

ទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ ក៏គ្មានបទឈប់បាញ់បន្ថែមណាមួយត្រូវបានសម្រេចឡើយ។ ទាក់ទងនឹងបញ្ហានេះ ប្រទេសកាតាបានសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយកាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួនកំពុងពិចារណាឡើងវិញនូវតួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួល។

នៅក្នុងបទសម្ភាសន៍មួយ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majid Al-Ansari បានសម្តែងការខកចិត្តចំពោះក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដោយនិយាយថា ភាគីនីមួយៗធ្វើការសម្រេចចិត្តដោយផ្អែកទៅលើផលប្រយោជន៍នយោបាយ និងមិនមែនជាផលប្រយោជន៍របស់ជនស៊ីវិលនៅក្នុងចិត្តនោះទេ។

លោកបានសង្កត់ធ្ងន់ថា <<យើងសង្ឃឹមថានឹងឃើញការប្តេជ្ញាចិត្ត និងភាពម៉ឺងម៉ាត់បន្ថែមទៀតពីភាគីទាំងពីរ>>។ ទោះជាយ៉ាងណា លោក​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ចរចា​នេះ​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ថា​ពួកគេ​បាន​ឈាន​ដល់​ចំណុច​ជាប់គាំង​ ដោយ​ភាគី​ទាំង​ពីរ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់។

លោក Al-Ansari បានបន្ថែមថា <<ប្រសិនបើមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងពីរ ខ្ញុំប្រាកដថាយើងអាចឈានដល់កិច្ចព្រមព្រៀងមួយ>>។

គួរជម្រាបថា ទំនាក់ទំនងរវាងកាតា និងអ៊ីស្រាអែលមានភាពតានតឹងពេញមួយសង្រ្គាម ដោយមានអ្នកនយោបាយមួយចំនួន ក្នុងប្រទេសអ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី Benjamin Netanyahu បានរិះគន់កាតាថា មិនបានដាក់សម្ពាធគ្រប់គ្រាន់លើក្រុមហាម៉ាស់។ ប៉ុន្តែប៉ុណ្ណោះ សមាជិកសភាអ៊ីស្រាអែលក៏បានបើកផ្លូវរដ្ឋាភិបាលនៃប្រទេសនេះ ក្នុងការបណ្តេញ Al Jazeera ដែលជាទូរទស្សន៍គ្រប់គ្រងដោយរដ្ឋកាតាផងដែរ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...