សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខ្មែរ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ និងសង្កត់ថា «កុំខ្វល់អ្នកណាធ្វើ កុំខ្លាចសម្តេចតេជោ ឬ សម្តេចបានប្រជាប្រិយភាព ត្រូវគិតថាព្រែកជីកនេះ ផ្តល់ផលប្រយោជន៍ដល់ខ្មែរទាំងមូល» (Video inside)

Posted By: RoogRog Robot | 28-Apr-2024 13:52:50

2024-04-28 12:47pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ និងបានស្នើឱ្យបងប្អូនបន្តគាំទ្រថែមទៀត ដើម្បីគម្រោងនេះអនុវត្តបានជោគជ័យ នាពេលខាងមុខ។

ការថ្លែងយ៉ាងដូច្នេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានថ្លែងថា <<ខ្ញុំសូមអរគុណសារជាថ្មី ជូនទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារ ចេញញត្តិ ចេញជាសំឡេងគាំទ្រ នូវគម្រោងជាតិនិយមមួយនេះ គឺគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍ខ្មែរ សូមបន្តនូវយន្តការនេះ>>។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រែកជីកហ្វូណននេះ សម្តេចសង្កេតឃើញមានតែលោក សម រង្ស៉ី មួយគត់ដែលប្រឆាំង ព្រោះសូម្បីតែអ្នកមាននិន្នាការប្រឆាំង ហើយធ្លាប់វាយប្រហារសម្តេចមួយចំនួន ក៏គាំទ្រលើគម្រោងព្រែកជីកនេះដែរ។

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា <<ត្រូវគិតថាផលប្រយោជន៍ដែលបាន គឺបានទាំងអស់គ្នា កុំឈឺក្បាលរឿងអ្នកណាធ្វើ កុំខ្លាចសម្តេចតេជោ បានក្រេឌីត (Credit) កុំខ្លាចខ្ញុំបានក្រេឌីត ឬរដ្ឋាភិបាលបានក្រេឌីត គិតថាព្រែកជីកនេះផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា តកូនចៅទៅមុខទៀត>>។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការឱ្យមានការបង្កើតនូវមូលនិធិពីប្រជាពលរដ្ឋនោះទេ ហើយការគាំទ្រផ្នែកស្មារតីពីប្រជាពលរដ្ឋ គឺជាការគាំទ្រដ៏ធំធេងណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុត គឺនៅឆ្នាំ២០២៥។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕
























































News Source: freshnewsasia.com
LATEST NEWS
“ខ្ញុំនៅតែបន្ដដំណើរទៅមុខទៀត!” #shorts
MORE NEWS CLICK HERE...