អភិបាលខេត្តកំពង់ចាម នាំយកថវិកាដែលប្រមូលបានជាង៤២៣លានរៀល និងប្រាក់ដុល្លារជិត៩,០០០ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

Posted By: RoogRog Robot | 28-Apr-2024 12:44:40

2024-04-28 11:41am

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត នាំយកថវិកាដែលប្រមូលបានពីសប្បុរសជននៅក្នុងខេត្តជាង៤២៣លានរៀល និងប្រាក់ដុល្លារជិត៩០០០ដុល្លារ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាកទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និងក្រុមការងារនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាមបានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាមរយៈពេល៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននាន ក្នុងក្រុង ស្រុកទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។

លោក អ៊ុន ចាន់ដា បានរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...