ប៉ូលិសអាមេរិក បន្តចុះចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីន នៅតាមសាកលវិទ្យាល័យ

Posted By: RoogRog Robot | 28-Apr-2024 11:30:14

2024-04-28 10:23am

(វ៉ាស៊ីនតោន)៖ បាតុករគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានចាប់ខ្លួននៅឯបរិវេណសាកលវិទ្យាល័យ Indiana University កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា (ម៉ោងនៅ ក្នុងរដ្ឋ Indiana) ខណៈក្រុមសកម្មជននៅតែបន្តប្ដេជ្ញាធ្វើបាតុកម្មទាមទារឱ្យមានបទឈប់បាញ់នៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស និងការទាមទារ មួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយកដ្ឋានប៉ូលិសសាកលវិទ្យាល័យ Indiana University ក្នុងទីក្រុង Bloomington បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ជាសារអេឡិចត្រូនិកថាបាតុករ២៣នាក់ ត្រូវបាន ចាប់ខ្លួន។ ប៉ូលិសរដ្ឋ Indiana និងនាយកដ្ឋានប៉ូលិសសាកលវិទ្យាល័យ Indiana University បានប្រាប់ក្រុមអ្នកតវ៉ាថាពួកគេមិនអាចដំឡើងតង់ ឬជំរំនៅក្នុងបរិវេណ សាកលវិទ្យាល័យបានឡើយ។ តែនៅពេលតង់ទាំងនោះមិនត្រូវបានរើចេញ ប៉ូលិសក៏សម្រេចចិត្តឃាត់ខ្លួន និងបញ្ជូនបាតុករទាំងនោះទៅកាន់ទៅតុលាការក្នុងតំបន់ ដោយចោទប្រកាន់ពីបទទន្ទ្រានខុសច្បាប់ និងតដៃជាមួយប៉ូលិស។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល នាយកដ្ឋានប៉ូលិសសាកលវិទ្យាល័យ Indiana University បានបញ្ជាក់ថាខាងនាយកដ្ឋានរបស់ខ្លួន បន្តគាំទ្រការតវ៉ាដោយសន្តិវិធី ក្នុងបរិវេណសាកលវិទ្យាល័យ ស្របទៅតាមគោលការណ៍ដែលអាជ្ញាធរបានកំណត់។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាបង្ហាញការគាំទ្រដលប៉ាឡេស្ទីន បាន និងកំពុងផ្ទុះឡើងនៅតាមសាកលវិទ្យាល័យជាច្រើន នៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ានៅសាកលវិទ្យាល័យ Columbia កាលពីសប្ដាហ៍មុន។ បន្ថែមពីលើបទឈប់បាញ់ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ក៏បានទាមទារ ផងដែរឱ្យសាកលវិទ្យាល័យរបស់ពួកគេដកខ្លួនពីក្រុមហ៊ុនទាំងឡាយណាដែលមានទំនាក់ទំនងជាមួយយោធាអ៉ីស្រាអែល និងបញ្ចប់ការផ្ដល់ជំនួយយោធាអាមេរិក សម្រាប់អ៉ីស្រាអែល រួមទាំងមិនយកទោសពៃចំពោះនិស្សិត និងអ្នកដែលរងពិន័យ ឬត្រូវបានបណ្ដេញចេញដោយសារតែការធ្វើបាតុកម្ម៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...