សម្តេចសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់

Posted By: RoogRog Robot | 28-Apr-2024 11:18:42

2024-04-28 10:13am

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយោធិន ដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនរងរបួស។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ <<ខ្ញុំមានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងក្រៃលែង និងសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេងនៃការផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែល បានបណ្តាលឱ្យយោធិនចំនួន ២០នាក់ ពលីជីវិត និងយោធិនមួយចំនួនទៀតទទួលរងរបួស។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិ ដែលបានបាត់បង់សមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូន កូនក្មួយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូន កូនក្មួយ ជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាល សូមបានឆាប់ជាសះស្បើយ និងបានវិលត្រលប់មកប្រកបជីវភាពរស់នៅជាធម្មតាវិញ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ មានជំនឿយ៉ាងមុតមាំ និងសូមគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំពិធីបុណ្យសព និងទទួលរ៉ាប់រងទាំងស្រុងរាល់ការចំណាយឧបត្ថម្ភជូនយោធិនដែលបានពលី និងយោធិនរងរបួសក្នុងឧបទ្ទវហេតុនេះ ស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ សូម ក្រុមគ្រួសារ និងសាច់ញាតិនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងការរាប់អានពីខ្ញុំ>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...