បណ្ឌិត សុខ ទូច៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា

Posted By: RoogRog Robot | 27-Apr-2024 14:26:35

2024-04-27 01:21pm

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា។

នាឱកាសនោះដែរ បណ្ឌិត សុខ ទូច បានលើកឡើងថា នៅក្នុងអតីតកាល នៅប្រទេសកម្ពុជា ភាសាអង់គ្លេសបានដើរតួយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប៉ុន្តែសម្រាប់បច្ចុប្បន្ន វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា ដែលមកដល់សព្វថ្ងៃនេះ ភាសាចិន ស្ទើរតែបានក្លាយទៅជាភាសាទី២នៅកម្ពុជាទៅហើយ តាមរយៈកំណើននៃការវិនិយោគពីសំណាក់អ្នកវិនិយោគចិន និងការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ និងជំរុញការសិក្សាអំពីភាសានៃប្រទេសទាំងពីរ ទៅក្នុងស្រទាប់យុវជនកម្ពុជា-ចិន គឺជាការបញ្ជ្រាបតម្លៃវប្បធម៌ និងជំរុញការស្វែងយល់អំពីប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសទាំងពីរ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើងថែមទៀត រវាងប្រជាជននិងប្រជាជន។

បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់បន្ថែមថា តាមរយៈទំនាក់ទំនងដែលរីកចម្រើនជាលំដាប់រវាងប្រទេសទាំងពីរ ប្រជាជនកម្ពុជា ហាក់បានយល់ដឹងជ្រួតជ្រាបអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ចិន ច្រើនជាងការយល់ដឹងអំពីអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ ពីសំណាក់ប្រជាជនចិន ដែលត្រង់ចំណុច ទាមទារឱ្យភាគីទាំងពីរ ជំរុញឱ្យបានកាន់ប្រសើរឡើងបន្ថែមទៀតនូវការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដើម្បីឈានទៅសម្រេចបាននូវការលើកកម្ពស់ទំនាក់ទំនងកម្ពុជាកាន់តែល្អប្រសើរ និងរឹងមាំថែមមួយកម្រិតទៀត៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...