លោក Blinken៖ ការតវ៉ារបស់និស្សិតប្រឆាំងនឹងសង្គ្រាមហ្គាហ្សា ជាការបញ្ចេញមតិបែបប្រជាធិបតេយ្យ ប៉ុន្តែរិះគន់ការមិនយកចិត្តទុកដាក់ចំពោះក្រុមហាម៉ាស់

Posted By: RoogRog Robot | 26-Apr-2024 21:36:28

2024-04-26 08:34pm

(ហ្គាហ្សា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃសុក្រនេះថា ការតវ៉ានៅសកលវិទ្យាល័យរបស់សហរដ្ឋអាមេរិកប្រឆាំង នឹងសង្គ្រាមរបស់អ៊ីស្រាអែល គឺជាសញ្ញានៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ប៉ុន្តែលោកបានរិះគន់អ្វីដែលលោកហៅថា <<ភាពស្ងៀមស្ងាត់>> ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

ប៉ូលិសបានប៉ះទង្គិចជាមួយនិស្សិតដែលរិះគន់សង្គ្រាម និងការគាំទ្ររបស់រដ្ឋបាលលោក Biden សម្រាប់សង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ហើយមនុស្សជិត ៥៥០ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ា ដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅឯសាកលវិទ្យាល័យធំ ៗ របស់អាមេរិក។

នៅពេលត្រូវបានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសចិន អំពីការឆ្លើយតបរបស់គាត់ចំពោះការព្រួយបារម្ភរបស់បាតុករ លោក Blinken បានទទួលស្គាល់នូវអារម្មណ៍ដ៏ខ្លាំងក្លាជុំវិញជម្លោះនេះ ហើយបានធានាថា រដ្ឋបាលកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម។

លោក Blinken បាននិយាយយ៉ាងដូច្នេះថា <<នៅក្នុងប្រទេសរបស់យើង វាគឺជាសញ្ញាសម្គាល់ នៃលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលប្រជាពលរដ្ឋរបស់យើងបញ្ចេញមតិ ការព្រួយបារម្ភ និងកំហឹងរបស់ពួកគេគ្រប់ពេលវេលា ហើយខ្ញុំជឿថា វាឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ប្រទេស និងកម្លាំងនៃលទ្ធិប្រជាធិបតេយ្យ>>។

ប៉ុន្តែលោកបានស្នើឱ្យអ្នករិះគន់ គួរតែផ្តោតការខឹងសម្បាររបស់ពួកគេ ទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបើកការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...