អភិបាលរាជធានីភ្នំពេញ ប្រជុំរៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា

Posted By: RoogRog Robot | 26-Apr-2024 19:14:56

2024-04-26 06:07pm

(ភ្នំពេញ)៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង Pub street ផងដែរនោះ គ្រោងរៀបចំឡើងនៅដើម ខែឧសភា ឆ្នាំ២០២៤ ដើម្បីបំរើឲ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកំសាន្តពេលយប់ ហើយគម្រោងនេះនឹងរៀបចំឲ្យបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ខាងមុខនេះ។

នេះបើតាមការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំ ស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។

ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub street ។ ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (រៀបចំជាតំបន់ លំហែកាយ)។

លោក សាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឲ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង Pub street ផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកអោយភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានលើកឡើងថា <<គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឲ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីឲ្យតំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង Pub street ផងដែរ>>៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...