អង្គការសំអាតទន្លេ សមុទ្រ សហការជាមួយរដ្ឋបាលខេត្តកណ្តាល ប្រារព្ធ «ទិវាអំពើល្អ» លើកទី៥ សំដៅលើកទឹកចិត្តពលរដ្ឋ ចូលរួមស្រឡាញ់បរិស្ថាន វេចខ្ចប់ និងទុកសំរាម ឱ្យបានត្រឹមត្រូវ

Posted By: RoogRog Robot | 26-Apr-2024 18:10:52

2024-04-26 05:07pm

(ភ្នំពេញ)៖ អង្គការសម្អាតទន្លេ សមុទ្រ (Ocean River) សហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានប្រារព្ធ <<ទិវារអំពើល្អ>> លើកទី៥ សំដៅដល់ការជំរុញលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រឡាញ់បរិស្ថាន ដោយវេចខ្ចប់ និងទុកសំរាមឱ្យបានត្រឹមត្រូវ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានថ្លែងថា នៅរសៀលថ្ងៃនេះថា បញ្ហាបរិស្ថាន កំណើនកំដៅ ទឹកជំនន់ គ្រោះរាំងស្ងួត វិបត្តខ្វះទឹកប្រើប្រាស់បាននឹងកំពុងគំរាមកំហែង ជាបញ្ហាពិភពលោក ដែលបង្កឡើងដោយមនុស្សម្នាក់ៗ គ្រប់ផ្នែក វិស័យ ប្រទេសនីមួយៗ ដែលទាមទានូវកាចូលរួមដោះស្រាយទាំងអស់គ្នា។

នាយកប្រតិបត្តិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា <<គ្រាន់តែការចូលរួមដាំដើមឈើ ការទុកដាក់សំរាមបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា ក៏អាចជួយផ្តល់នូវភាពប្រសើរឡើងមួយចំណែកដល់ បរិស្ថានពិភពលោកផងដែរ។ ដូច្នេះការចូលរួមរបស់ប្រទេសកម្ពុជាជាមួយពិភពលោកមានភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាបរិស្ថានជាសកល>>។

លោក នូ សុវណ្ណ បានលើកឡើងថា ប្រទេសកម្ពុជាមានអំណោយផលល្អប្រសើរពីធម្មជាតិ ដី ព្រៃប្រឹក្សា ទឹក សមុទ្រ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ បឹងបួរ ធនធានធម្មជាតិជាច្រើនផ្សេងៗទៀត ដែលខេត្តកណ្តាលមានស្ទើរទាំងអស់ដូច្នេះហើយ អង្គការសំអាតទន្លេ សមុទ្រ បានចាត់ទុកខេត្តកណ្តាលជាខេត្តអាទិភាពក្នុងការជួយធ្វើឱ្យប្រសើឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹង ជាពិសេសការប្រមូលសំណល់ដែលជនទំនើងបានបោះចោលតាមច្រាំងទន្លេ និងក្នុងទឹកទន្លេ បញ្ជៀសការបំពុលប្រភពទឹកប្រើប្រាស់ និងប្រភពអាហាររបស់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា អង្គការសំអាតទន្លេសមុទ្រ បានចុះជួយសំអាតទន្លេបាសាក់នៅថ្ងៃ ព្រះរាជពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែ នៅមុខវេទិការប្រណាំងទូក។ សំរាមជាង ៥តោន ត្រូវបានប្រមូលចេញ និង ១៥តោនទៀតនៅទន្លេចតុមុខ។

លោកបានបញ្ជាក់បន្ថែមថា ចាប់តាំងពីឆ្នាំ២០២០ មកដល់ខែមេសា ឆ្នាំ២០២៤នេះ អង្គការសំអាតទន្លេ សមុទ្រ បានប្រមូលសំរាមបាន ១,៧៥០តោន ពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នេះជាអំពើល្អសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជំរុញការទាក់ទាញភ្ញៀវទេសចរ និងការថែទាំធនធានធម្មជាតិរបស់យើង។

គួរំលឹកថា នៅប្រទេសកម្ពុជា ទិវាអំពើល្អបានចាប់ផ្តើមនៅដើមឆ្នាំ២០២០ នារដូវកាលកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងទូទាំងក្នុងប្រទេស និងពិភពលោក។

យ៉ាងណាមិញ ក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការសំអាតទន្លេ សមុទ្រ ដឹកនាំដោយយុវជនឈ្មោះ ហុង គីបូរ៉ា ជាប្រធានបេសកកម្មសំអាតទន្លេ សមុទ្រ លោកបានគៀងគថវិការ ឧបភោគបរិភោគពីសប្បុរសជនក្នុង និងក្រៅប្រទេស ហើយបានចុះចែកអាហារ ភេជ្ជៈជូនដល់ជនក្រីក្រមួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនោះ។

ចាប់តាំងពីនោះមក អង្គការសំអាតទន្លេ សមុទ្រ បានក្លាយជាសមាជិករបស់ Good Deeds Day Global ហើយបានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំ ជាមួយពិភពលោកចាប់តាំងពីពេលនោះមក។

គួរបញ្ជាក់ថា អំពើល្អជាទង្វើងាយៗណាដែលផ្តល់នូវផលវិជ្ជមានតូច ឫធំណាមួយដែលធ្វើឱ្យល្អប្រសើសម្រាប់ការរស់នៅរបស់មនុស្ស សត្វ និងនិរន្តរភាពរបស់ធម្មជាតិ។ អំពើល្អចាប់ពីយើងម្នាក់ៗ ពីការគិតល្អ និយាយល្អ និងការប្រព្រិត្តអំពើល្អ ហើយលទ្ធផលនឹងល្អប្រសើឡើងសម្រាប់យើង គ្រួសារយើង ភូមិយើង ខេត្ត ប្រទេសយើង និងពិភពលោកយើង៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...