អគ្គនាយក SME BANK លើកពីបញ្ហាប្រឈមដែលសហគ្រាសធុនតូច ពិបាកក្នុងការទទួលបានផ្ដល់ឥណទាន (Video inside)

Posted By: RoogRog Robot | 26-Apr-2024 17:01:37

2024-04-26 03:57pm

(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) បានលើកឡើងអំពីហេតុផលមួយចំនួន ដែលធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនអាច ឬពិបាកក្នុងការផ្ដល់ឥណទាន ជូនដល់អាជីវកម្មខ្នាតតូចៗ។

លោកថា អាជីវកម្មខ្នាតតូចភាគច្រើន ពុំមានការចុះបញ្ជីបង់ពន្ធត្រឹមត្រូវនោះទេ កត្តាសំខាន់មួយទៀត គឺអាជីវកម្មខ្នាតតូច ប្រឈមនឹងការបិទអាជីវកម្ម ប្រសិនបើមានបញ្ហាណាមួយកើតឡើង កត្តាទាំងនេះហើយដែលធ្វើឲ្យធនាគារពិបាក ក្នុងការផ្ដល់ជូននូវឥណទាន ដល់អាជីវកម្មទាំងនោះ។

ការលើកឡើងរបស់លោកបណ្ឌិត លឹម អូន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ <<ការគាំទ្រហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សហគ្រាសនៅកម្ពុជា>>។

លោកបណ្ឌិត លឹម អូន បានថ្លែងថា <<ក្នុងការផ្ដល់ឥណទានដល់អតិថិជន ដែលមានអាជីវកម្មខ្នាតតូច ធនាគារ ឬសហគ្រាស មិនសូវផ្ដល់ឥណទានជូននោះឡើយ ដោយសារតែអាជីវកម្មខ្នាតតូចមួយចំនួន ពុំសូវបានចុះបញ្ជីនោះឡើយ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា តាមតួលេខក្រៅផ្លូវការ អាជីវកម្មខ្នាតតូចមានចន្លោះ១០ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីត្រឹមត្រូវ។ ក្រុមហ៊ុនមួយដែលពុំមានការចុះបញ្ជី គឺពុំទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលនោះឡើយ>>។

លោកបណ្ឌិតបញ្ជាក់ថា ក្រុមហ៊ុនមួយប្រសិនបើមិនមានការចុះបញ្ជីត្រឹមត្រូវនោះទេ ក៏មិនមានការបង់ពន្ធជូនរដ្ឋនោះដែរ ហើយកត្តាសំខាន់មួយទៀតនោះ គឺកង្វះនៃការគ្រប់គ្រង ដែលជាហេតុធ្វើឲ្យមានការប្រឈមនឹងការបិទអាជីវកម្ម ប្រសិនបើមានបញ្ហាណាមួយកើតឡើង។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យធនាគារពិបាក ក្នុងការមើលពីនិរន្ដភាព ហើយបើតាមការមើលពីផែនការ របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ គឺពុំមាននោះឡើយ ដូច្នេះជាហេតុធ្វើឲ្យធនាគារមិនមានមូលដ្ឋាន ក្នុងការពិនិត្យ សិក្សា និងផ្ដល់ជូនឥណទាន និងចាត់ទុកថា ជាប្រភេទអតិថិជនដែលមានហានិភ័យខ្ពស់ ដោយសារតែកង្វះមូលដ្ឋាន កង្វះព័ត៌មានក្នុងការវាយតម្លៃឲ្យបានច្បាស់លាស់។

លោកបានបញ្ជាក់ថា ជាការពិតម្ចាស់អាជីវកម្មខ្នាតតូច ពិតជាមានការលំបាកមែនទែន ក្នុងការរកឥណទាន ដើម្បីជួយអាជីវកម្មរបស់ខ្លួន តែចំពោះធនាគារការផ្ដល់ឥណទាន ដល់ពួកគាត់ក៏ផ្ដល់ហានិភ័យខ្ពស់ ការចំណាយច្រើន ប៉ុន្ដែចំពោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺយើងត្រូវមធ្យោបាយជួយពួកគាត់ ដោយជំរុញណែនាំពួកគាត់ ឲ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាសម្រួលដល់អតិថជន អាចទទួលបានឥណទាន៕






News Source: freshnewsasia.com
LATEST NEWS
ប្រព័ន្ធបញ្ជរតែមួយជាតិ
MORE NEWS CLICK HERE...