លោក ព្រាប កុល៖ អ្នកនយោបាយ «មាត់ពាំភ្លើងជើងពូកែរត់» សម រង្ស៉ី ពុំដែលផ្តល់អាទិភាពដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ

Posted By: RoogRog Robot | 26-Apr-2024 16:50:04

2024-04-26 03:47pm

(ភ្នំពេញ)៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងលើហ្វេសប៊ុកថា ករណីអ្នកនយោបាយ <<មាត់ពាំភ្លើងជើងពូកែរត់>> (សម រង្ស៉ី) ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ បានបង្ហាញថា លោកពុំដែលបានផ្តល់អាទិភាព ទៅដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ។

លោក ព្រាប កុល បានលើកឡើងថា ព្រោះតែគំនុំផ្ទាល់ខ្លួន គំនិតនិន្ទា ឈ្នានីសលក្ខណៈឯកជន ធ្វើឱ្យអ្នកនយោបាយ <<មាត់ពាំភ្លើងជើងពូកែរត់>> បានបង្ហាញឱ្យពលរដ្ឋខ្មែរឃើញកាន់តែច្បាស់ថា ខ្លួនពុំដែលបានផ្តល់អាទិភាពទៅដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋជាធំឡើយ។

លោកជឿថាអ្នកនយោបាយរូបនេះ មិនល្ងង់ដល់ថ្នាក់គិតមិនឃើញអំពីអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ នៃព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់នូវភាពងាយស្រួល លឿនរហ័ស និងសន្សំសម្ចៃ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម និងគ្រប់ប្រភេទនៃមុខទំនិញផ្សេងៗទៀត ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងជាគន្លិះសម្រាប់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ដូចជាការបង្កើតផ្លូវដង្ហើមដោយខ្លួនឯងលើផ្នែកដឹកជញ្ជូនតាមផ្លូវទឹក…។ល។ នោះទេ។

លោក ព្រាប កុល បានបន្តថា អ្នកនយោបាយ <<មាត់ពាំភ្លើងជើងពូកែរត់>> កាន់តែបង្ហាញឱ្យពលរដ្ឋខ្មែរ និងអន្តរជាតិដឹងពីផ្នត់គំនិតអគតិនិយម និងអាត្មានិយមរបស់ខ្លួន ដែលទង្វើនេះបានធ្វើឱ្យសមាជិក សកម្មជន និងសម្ព័នមិត្តរបស់ខ្លួន បានដើរចេញ ឬអ្នកខ្លះឈប់រាប់រកដោយស្ងាត់ស្ងៀម ដែលនេះជាការវិវត្តន៍ទៅរកទីបញ្ចប់នៃអនាគតនយោបាយមានតែគោលដៅ តែខ្វះយុទ្ធវិធី ស៊ីអារម្មណ៍របស់ខ្លួន។

លោកបានអំពាវឱ្យបងផ្អូនជនរួមជាតិ នាំគ្នាឈរពីក្រោយរាជរដ្ឋាភិបាលគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដ៏ធំជាងគេ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដើម្បីផលប្រយោជន៍យើង និងកូនចៅរបស់យើងទាំងអស់គ្នា។

សាររបស់លោក ព្រាប កុល ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពី សំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវ របស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់ ចិន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...