ប្រកាសទទួលស្គាល់លោក រឹទ្ធ សូណា ប្រធានក្រុមការងារយុវជនថ្មីគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន ខេត្តព្រះវិហារ

Posted By: RoogRog Robot | 26-Apr-2024 15:57:37

2024-04-26 02:53pm

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងណែនាំប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជ័យសែនថ្មី គឺលោក រឹទ្ធ សូណា ត្រូវរួបរួមសាមគ្គីគ្នាដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជន និងសង្គមយើងទាំងមូល ពិសេសការងារមនុស្សធម៍ផ្សេងៗទូទាំងស្រុក។

ការថ្លែងរបស់លោក អ៊ុក គឹមសាន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាសប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្មី ស្រុកជ័យសែន ដោយមានការចូលរួម ពីលោក ម៉ប់ ធិរិត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក រស់ ហេង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ និងក្រុមការងារយុវជនស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះលោក អ៊ុក គឹមសាន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផ្ញើជូនបងប្អូនយុវជនដែលមានវត្តមាននៅទីនេះ ក៏ដូចជាយុវជនទូទាំងស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ។

លោក អ៊ុក គឹមសាន បានណែនាំការងារមួយចំនួនដល់ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន ដែលទើបប្រកាសទទួលស្គាល់នាពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចស្របតាមការណែនាំ របស់គណបក្ស ខិតខំកៀរគរយុវជននៅទូទាំងស្រុកឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជំរុញយុវជនដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ពិសេសត្រូវខិតខំយកចិត្តទុកដាក់ លើការងារមនុស្សធម៌ដូចករណីប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាដើម។

លោក អ៊ុក គឹមសាន បានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារយុវជនទាំងអស់ទូទាំងស្រុកជ័យសែន ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបោះឆ្នោតជ្រើសតាំងរដ្ឋសភា នីតិកាលទី៧ និងបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសភានីកាលទី៥ ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំង ធ្វើឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ជានាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ និងសម្តេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។

សូមបញ្ជាក់ថា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្មី ស្រុកជ័យសែន ខេត្តព្រះវិហារ លោក រឹទ្ធ សូណា ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាស្រុកជ័យសែន ជំនួសលោក ទិត្យ សុខាម ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ស្រុកផ្សេង។ ក្រៅពីការឡើងប្តេជ្ញាចិត្តរបស់លោក រឹទ្ធ សូណា ប្រធានក្រុមការងារយុវជនថ្មី ក៏មានពិធីពិសាអាហារសាមគ្គីជួបជុំគ្នា ដោយភាពស្និទស្នាលផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...