ក្រុមហ៊ុន Axiata Group និងក្រុមហ៊ុន Sinar Mas ជិតសម្រេចកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នា តម្លៃ ៣,៥ពាន់លានដុល្លារ

Posted By: RoogRog Robot | 26-Apr-2024 15:28:15

2024-04-26 02:24pm

(គូឡាឡាំពួ)៖ ក្រុមហ៊ុនម៉ាឡេស៊ី Axiata Group និងក្រុមហ៊ុនឥណ្ឌូណេស៊ី PT Sinar Mas កំពុងបន្តផែនការច្របាច់បញ្ចូលគ្នា នូវអាជីវកម្មប្រតិបត្តិការទូរគមនាគមន៍ របស់ក្រុមហ៊ុនទាំងពីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើតអាជីវកម្មមួយ ដែលមានតម្លៃ ៣,៥ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រ៉យទ័របានរាយការណ៍ដោយដកស្រង់ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg News ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនទាំងពីរគ្រោងនឹងច្របាច់បញ្ចូលគ្នា នូវក្រុមហ៊ុន PT XL Axiata របស់ក្រុមហ៊ុន Axiata Group នៅឥណ្ឌូណេស៊ី និងក្រុមហ៊ុនទូរគមនាគមន៍ PT Smartfren ហើយបច្ចុប្បន្នកំពុងពិភាក្សាអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះ ដែលអាចមានទាំងសាច់ប្រាក់និងភាគហ៊ុន។

សេចក្ដីរាយការណ៍ដដែលនេះបានឱ្យដឹងថា កិច្ចព្រមព្រៀងមិនជាប់កាតព្វកិច្ចនេះ អាចសម្រេចបាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរ បន្តការចរចានិងអនុវត្តការត្រួតពិនិត្យមើលក្រុមហ៊ុន (due diligence)។ សេចក្តីរាយការណ៍នេះបានបន្ថែមថា មិនមានការធានាថា កិច្ចព្រមព្រៀងនេះនឹងអាចឈានដល់ការបញ្ចប់នោះទេ។

នៅក្នុងការឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនធ្វើការអត្ថាធិប្បាយជាពិសេសលើការច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Smartfren ក្រុមហ៊ុន XL Axiata បានឱ្យដឹងថា ការរួបរួមគ្នាណាមួយនឹងមានអត្ថប្រយោជន៍ជារួម សម្រាប់ឧស្សាហកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន XL Axiata បាននិយាយថា៖ <<ក្រុមហ៊ុន XL Axiata តែងតែបើកចំហរស្វែងរកលទ្ធភាពផ្សេងៗ ដើម្បីអនុវត្តការបង្រួបបង្រួមគ្នាជាមួយភាគីពាក់ព័ន្ធ>>។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ <<ទោះជាយ៉ាងណា ការសម្រេចចិត្តគឺអាស្រ័យលើម្ចាស់ភាគហ៊ុន មិនមែនលើអ្នកគ្រប់គ្រងទេ។ រហូតមកដល់ពេលនេះ មិនទាន់មានទិសដៅ ឬព័ត៌មានណាមួយនៅឡើយទេ>>។

កាលពីសប្តាហ៍មុន ប្រតិបត្តិករទូរគមនាគមន៍ Dialog Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group នៅប្រទេសស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រតិបត្តិការរបស់ក្រុមហ៊ុន Bharti Airtel នៅក្នុងប្រទេសស្រីលង្កា៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...