ប្រទេសចំនួន ១៨ ដឹកនាំដោយសហរដ្ឋអាមេរិក ជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ដើម្បីបញ្ចប់វិបត្តិហ្គាហ្សា

Posted By: RoogRog Robot | 25-Apr-2024 23:42:00

2024-04-25 10:36pm

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ១៧ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាមធ្យោបាយមួយ ដើម្បីបញ្ចប់វិបត្តិនៅតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាស់បានប្តេជ្ញាថា នឹងមិនចុះចាញ់នឹងសម្ពាធអន្តរជាតិឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

បណ្តាប្រទេសទាំងនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា <<យើងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ នូវចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ឃុំខ្លួន នៅហ្គាហ្សាអស់រយៈពេលជាង ២០០ ថ្ងៃ>> នៅក្នុងអ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានហៅថា ជាការបង្ហាញជាឯកច្ឆ័ន្ទដ៏មិនធម្មតាមួយ។

ប្រទេសទាំង១៨នោះ សុទ្ធតែមានពលរដ្ឋដែលក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្នាំង ជិតប្រាំមួយខែបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបើកការវាយប្រហារទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា និងបានសម្លាប់មនុស្ស ១,២០០នាក់។ ក្រុមហាម៉ាស​ត្រូវ​បាន​គេ​ជឿ​ថា​នៅ​តែ​មាន​ចំណាប់ខ្មាំងចំនួន ១២៩នាក់ទៀត ​ក្នុង​ចំណោម ២៥៣ នាក់​ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា។

គួរជម្រាបថា ប្រទេសហត្ថលេខីទាំងនោះ រួមមានសហរដ្ឋអាមេរិក អាហ្សង់ទីន អូទ្រីស ប្រេស៊ីល ប៊ុលហ្គារី កាណាដា កូឡុំប៊ី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស៊ែប៊ី អេស្ប៉ាញ ថៃ និងអង់គ្លេស៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...