សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការសម្តែងក្បាច់គុណសៅលីញ និងល្បុក្កតោ នៅខេត្តសៀមរាប ជាការបង្ហាញវប្បធម៌កម្ពុជា ទៅកាន់ពិភពលោក និងជំរុញពលរដ្ឋបែងចែកឱ្យច្បាស់រវាងវប្បធម៌ខ្មែរ និងវប្បធម៌បរទេស (Video inside)

Posted By: RoogRog Robot | 25-Apr-2024 19:44:51

2024-04-25 06:38pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងចាត់ទុកការសម្តែងក្បាច់គុណសៅលីញរបស់ចិន និងក្បាច់គុណល្បុក្កតោរបស់កម្ពុជា នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ជាបង្ហាញវប្បធម៌កម្ពុជា ទៅកាន់ពិភពលោក ឱ្យបានស្គាល់ពីប្រទេសកម្ពុជា។

ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី។

សម្តេចធិបតីបានថ្លែងថា <<ម្សិលមិញយើងមានការរៀបចំសម្តែកក្បាច់គុនសៅលីញ ជាមួយនឹងល្បុក្កតោ ដើម្បីបង្ហាញ មិនត្រឹមតែទស្សនិកជននៅកម្ពុជាទេ ប៉ុន្តែនៅចិន និងនៅលើពិភពលោក ការផ្លាស់ប្តូរនូវក្បាច់គុណ ក្បាច់បុរាណ និងសិល្បៈវ​ប្បធម៌ បង្ហាញអំពីកម្ពុជា>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើសមាហរណកម្ម និងការធ្វើសាកលភាវូបនីយកម្មរបស់កម្ពុជា បានផ្តល់ឱកាសជាច្រើនឱ្យកម្ពុជា ប៉ុន្តែជាមួយគ្នានេះ សាកលភាវូបនីយកម្មវប្បធម៌ បានបង្កជាបញ្ហាមួយចំនួនសម្រាប់ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀត នៅលើសកលលោក ពាក់ព័ន្ធនឹងការថែរក្សាវប្បធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលភាវូបនីយកម្មផ្នែកសិល្បៈ អាចនឹងធ្វើឱ្យយុវជនខ្មែរ មានភាពស្រពិចស្រពិល ចំពោះវប្បធម៌បរទេស និងវប្បធម៌របស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរីកសាយភាពវប្បធម៌សិល្បៈបរទេស នឹងធ្វើឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់យល់ច្រឡំ បើខ្វះការយល់ដឹង។ ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍នៃថ្ងៃក្តីស្រឡាញ់១៤កុម្ភៈ មានយុវជនខ្មែរមួយចំនួនយល់មិនទាន់ច្បាស់នៅឡើយ។

សម្តេចបានថ្លែងថា <<និយាយបែបនេះ មិនមែនយើងដាច់ណាត់ មិនឱ្យយកកុនបរទេសមកចាក់បញ្ចាំងនៅស្រុកយើងទេ យើងមិនហាមមិនឱ្យឈប់ធ្វើទិវា១៤កុម្ភៈ ឬទិវាបុណ្យគ្រីស្មាសនោះទេ យើងស្វាគមន៍ទាំងអស់ ប៉ុន្តែអ្វីដែលខ្ញុំចង់លើកនេះ គឺដាច់ខាតប្រជាពលរដ្ឋយើង ត្រូវមានភាពជាក់លាក់ឱ្យច្បាស់ ថាអ្វីទៅជាវប្បធម៌របស់ខ្មែរ អ្វីទៅជាវប្បធម៌បរទេស>>។

សូមជម្រាបថា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ បានរៀបចំ <<ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)>> នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ <<ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤>> ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត <<សហគមន៍ជោគវាសនារួម កម្ពុជា-ចិន>>៕














































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...