សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំភើប ពេលមានល្បែងប្រជាប្រិយខ្មែរច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (Video inside)

Posted By: RoogRog Robot | 25-Apr-2024 19:27:01

2024-04-25 06:20pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញនូវក្ដីរំភើប នៅពេលដែលមានល្បែងប្រជាប្រិយរបស់ខ្មែរច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅក្នុងឆ្នាំនេះ។

ការបង្ហាញនូវក្ដីរំភើបបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<ពេលបុណ្យចូលឆ្នាំនេះ ខ្ញុំសប្បាយចិត្ដ ហើយខ្ញុំមានការរំភើប នៅការចូលរួមលេងល្បែងប្រជាប្រិយយើង គឺគ្រប់កន្លែងទាំងអស់ នៅតាមបណ្ដាស្រុក បណ្ដាក្រុង គឺមានការរៀបចំ ជំរុញការលេងល្បែងប្រពៃណី>>។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជំរុញឲ្យមាន ការលេងល្បែងប្រជាប្រិយឡើងវិញ នៅគ្រប់ទីកន្លែងនេះ គឺជាសន្ទះផុសផុល, ជាសញ្ញាវិជ្ជមាន, ជាកត្ដាចំបាច់ ក្នុងការថែរក្សាវប្បធម៌ ដោយសារប្រជាជននៅបន្ដគាំទ្រ បន្ដប្រើប្រាស់ និងបន្ដអនុវត្ដ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុតស្មារតី ឲ្យមានការចូលរួមលេងល្បែងប្រជាប្រិយ គឺល្អ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការថែរក្សាវប្បធម៌មិនមែន ជាកាតព្វរបស់បុគ្គលរូបណានោះទេ គឺវប្បធម៌ដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នា ដើម្បីវប្បធម៌។

សូមជម្រាបថា ការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅឆ្នាំនេះ រៀបចំបានល្អ បង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ដោយឡែក បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះប្រមាណ ៣០ភាគរយ។

យោងតាមរបាយការណ៍ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នោះ មានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់៕
































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...