ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឱកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រហូតដល់ដំណាច់ខែមិថុនា

Posted By: RoogRog Robot | 25-Apr-2024 19:09:12

2024-04-25 06:05pm

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម និងការប្រាក់ ចំពោះអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ (មិនធ្លាប់បង់ពន្ធលើអចលនទ្រព្យ) ឬអចលនទ្រព្យដែលប្រកាស និងបង់ពន្ធមិនបានត្រឹមត្រូវនាឆ្នាំកន្លងមក។

ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលនេះ ម្ចាស់អចលនទ្រព្យត្រូវរួសរាន់មកចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារដែលអចលនទ្រព្យ ស្ថិតនៅឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

ចំពោះអចលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាជាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឲ្យគិតពន្ធ ចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយ បានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់មក ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤ផងដែរ។

សូមបញ្ជាក់ផងដែរថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ពន្ធនេះត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០ ០០០ ០០០ រៀលឡើងទៅ។

អ្នកជាប់ពន្ធ កាន់តែមានភាពងាយស្រួល ចំពោះជម្រើសជាច្រើន ដែលអគ្គនាយកដ្ឋានពន្ធដារ ដាក់ឲ្យប្រើប្រាស់សម្រាប់បង់ពន្ធលើអចលនទ្រព្យ ក្នុងនោះអ្នកជាប់ពន្ធអាចប្រកាស និងបង់ប្រាក់ពន្ធតាម៖* កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) អាចបង់ពន្ធពីគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ* សាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទូទាំងប្រទេស* អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រាប់អំពីឯកសារសំខាន់ៗ ដែលម្ចាស់អចលនទ្រព្យត្រូវត្រៀម សម្រាប់ការចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យផងដែរ។

អ្នកជាប់ពន្ធ ដែលជាម្ចាស់អចលនទ្រព្យ មានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ច ចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ដ្រដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។

ដើម្បីចុះបញ្ជីបង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យ ត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា៖

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)* ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្តោយ)* រូបថតអចលនទ្រព្យ* បំពេញទម្រង់ Form PT01* វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)* ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចបានបញ្ជាក់ខាងលើ រួមជាមួយបង្កាន់ដៃបញ្ចាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖

* មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល* អចលនទ្រព្យត្រូវបានផ្លាស់ប្ដូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...