ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនសិល្បករ និងសិល្បការិនី

Posted By: RoogRog Robot | 25-Apr-2024 18:40:53

2024-04-25 05:36pm

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនសិល្បករ និងសិល្បការិនី៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេច និងលោកជំទាវបណ្ឌិត មានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីជួបជុំ មហាគ្រួសារសិល្បៈកម្ពុជា បន្ទាប់ពីទិវាវប្បធម៌ជាតិ៣មីនាកន្លងទៅ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និង កម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្ត​សប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៉ាំងឱ្យការប្រារព្ធពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្ដីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសិល្បករ សិល្បការិនី និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ព្រមទាំង ថែរក្សាបានប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរបស់លោកស្រី ភឿង សកុណា ពាក់ព័ន្ធនឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សា​ប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅ​គ្រប់​ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេព​កោ​សល្យ​របស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែក​បទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្ន ទៅវិញទៅមក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់​សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា ជាពិសេសសិល្បករមួយ​រូបៗសុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព និងការបោះជំហានទៅមុខជាប់មិនដាច់លើគ្រប់វិស័យ វឌ្ឍនភាពនៃវិស័យ សិល្បៈក៏ទទួលបាននូវសន្ទុះមួយជាទីមោទនៈផងដែរ។ ជាការពិត បញ្ហានិងភាពរអាក់រអួលដោយចេតនា ឬអចេតនា តែងតែកើតមានចៀសមិនផុត ពីព្រោះជាលក្ខណៈធម្មជាតិ ពុំមានបុគ្គលណាមួយមានភាពឥតខ្ចោះនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការសម្តែងក្បាច់គុណសៅលីង និងល្បុកតោ នៅខេត្តសៀមរាប ជាការបង្ហាញវប្បធម៌ទៅកាន់ពិភពលោក

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរីកសាយភាពវប្បធម៌សិល្បៈបរទេស នឹងធ្វើឱ្យយុវជនពីមួយជំនាន់ទៅមួយជំនាន់យល់ច្រឡំ បើខ្វះការយល់ដឹង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍នៃថ្ងៃក្តីស្រឡាញ់១៤កុម្ភៈ មានយុវជនខ្មែរមួយចំនួនយល់មិនទាន់ច្បាស់នៅឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាកលភាវូបនីយកម្មផ្នែកសិល្បៈ អាចនឹងធ្វើឱ្យយុវជនខ្មែរមានភាពស្រពិចស្រពិលចំពោះវប្បធម៌បរទេស និងវប្បធម៌របស់ខ្លួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិរក្ស និងអភិវឌ្ឍន៍ត្រូវដើរជាមួយគ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍផ្នែកសិល្បៈ ត្រូវផ្សារភ្ជាប់នូវទម្រង់ដែលជាអត្តសញ្ញាណរបស់ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រការយកហូលផាមួងកាត់ជាអាវធំ ហើយចង់ឱ្យភរិយាកាត់ជូនសម្តេចផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការកត់ត្រាឱ្យបានច្បាស់លាស់ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌សិល្បៈរបស់ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរចំពោះអ្នកសិល្បៈក្រៅប្រព័ន្ធ ដែលបានប្រឹងប្រែងបង្ហាញទម្រង់សិល្បៈខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីរំភើបនៅពេលមានល្បែងប្រជាប្រិយរបស់ខ្មែរច្រើនក្នុងឱកាសបុណ្យចូលឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្ដី <<ចង្កឹះមួយបាច់>> ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ សិល្បការិនី គឺជាគំរូ ជាតួអង្គដែលមានឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការសម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺ ពិតជាអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនីទាំងអស់ ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រ ពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែង និង ពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរ អត្តនោម័តិ ឬជំហរចង់ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់ ។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង សូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាពប្លែក ថ្មី សប្បាយ ទាក់ទាញ សូមស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងhttps://www.freshnewsasia.com/administrator/index.php?option=com_content&view=article&layout=edit&id=338078#wf-editor-wysiwygទិសដៅតម្កល់ស្នាដៃដែលបានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជនជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា <<រលកថ្មី ច្រានរលកមុខ>> គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយដល់យុវជន បន្តវេន។ ក្នុងន័យនេះការជួយជ្រោមជ្រែង បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈ វប្បធម៌របស់យើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា ទោះជាថ្ងៃនេះ យើងពុំបានជួបជុំអស់ ជាមួយសិល្បករ សិល្បការិនី ដែលមានចំនួនរហូតដល់រាប់ម៉ឺននាក់ នៅទូទាំងប្រទេស និងក្រៅប្រទេស ក៏សម្តេចយល់ថា ជាសក្ខីភាពនៃវេទិកាសម្រាប់ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់តួអង្គនៃវិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់ រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ ដល់យុវជនបន្តវេន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៥៖២៧នាទី នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕














































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...