យន្តហោះខ្នាតតូច ១៦គ្រឿង នឹងហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ នៅថ្ងៃស្អែក

Posted By: RoogRog Robot | 25-Apr-2024 18:40:53

2024-04-25 05:36pm

(ព្រះសីហនុ)៖ នៅថ្ងៃទី២៦ ខែមេសាស្អែកនេះ យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីចែកជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត និងជាព្រឹត្តិការណ៍លើកទី១ ពុំដែលមានសម្រាប់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជា។

បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីមានកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្ត សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ (TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendship Air Show 2024) នាថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៤នេះ នៅទីលានតេជោ ក្រុងព្រះសីហនុ។

លោកបន្តថា នេះជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។

លោកអភិបាលរងបានគូសបញ្ជាក់ថា ក្នុងគោលបំណងនៃព្រឹត្តិការណ៍នេះមានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយវិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...