សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី «គោលការណ៍ចិនតែមួយ»

Posted By: RoogRog Robot | 25-Apr-2024 18:03:08

2024-04-25 04:49pm

(បន្ទាយមានជ័យ)៖ នៅសាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាតុមូលស្តីពី <<គោលការណ៍ប្រទេសចិនតែមួយ>> ជូនដល់មន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត តំណាងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងយុវជនសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ តំណាងយុវជនក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ តំណាងយុវជនកាយឫទ្ធិ និងនិស្សិតសាកលវិទ្យាល័យជាតិ មានជ័យសរុប១៥០រូប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា ការរៀបចំវេទិកាតុមូលនាថ្ងៃនេះ ក្នុងគោលបំណងចំនួន៤៖ ទី១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី<<គោលការណ៍ចិនតែមួយ>> ទី២-ពង្រឹងសមត្ថភាពលើ ការចែករំលែកនិងផ្សព្វផ្សាយ បន្តឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក នូវខ្លឹមសារសំខាន់នៃសេចក្តីសម្រេច លេខ២៧៥៨របស់ មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ទី៣-ពង្រីកការគាំទ្រដោយឈរ លើសច្ចធម៌ប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំរបស់ប្រទេសចិន ដែលបានគូសរំលេចថា <<តៃវ៉ាន់គឺជាផ្នែកមួយ ដែលជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសចិន ហើយ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន>> និងទី៤-ចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនងកាន់តែល្អប្រសើរ ដោយឈរលើស្មារតីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ មានជ័យបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពក្លាហាន និងពុទ្ធិដ៏ច្បាស់លាស់ស្តីពីប្រវត្តិសាស្ត្រចិន តាមរយៈបទបង្ហាញនិងការឆ្លើយសំណួរ យ៉ាងក្បោះក្បាយរបស់និស្សិត វ៉ាន់ ដួងច័ន្ទ និងនិស្សិត លឹម សុចាន់លីយ៉ា ដែលបានគូសបញ្ជាក់ថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយ <<គោលការណ៍ចិនតែមួយ>> ដែលជាការគាំទ្រដល់ស្មារតីរួម របស់អង្គការសហប្រជាជាតិ។ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិ មានជ័យក៏បានគាំទ្រប្រសាសន៍របស់លោក គុណ រតនា អភិបាលរងស្រុកអូរជ្រៅ ថា <<គោលការណ៍ចិនតែមួយ>> ជាគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។

ឆ្លើយតបនឹងសំណួរជាច្រើនរបស់អង្គវេទិកាពីការបោះឆ្នោតនៅតៃវ៉ាន់ លោក ជីវ សារិទ្ធ បានសង្កត់ធ្ងន់ដោយបានដកស្រង់សម្តី របស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ គឺកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផល យ៉ាងណាទេក៏មិនអាចកែប្រែការពិតជាមូលដ្ឋាន ដែលពិភពលោកមានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយ របស់ប្រទេសចិន ដែលនេះជាការបញ្ជាក់ច្បាស់ថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ <<ប្រទេសមួយ របបពីរ>> ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គម និងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឈិម៕

វិទ្យុមិត្តភាពកម្ពុជាចិន








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...