អ្នកនាំពាក្យក្រសួងកសិកម្ម៖ ត្រីងៀតខ្មែរ​ត្រូវបាននាំចេញ​ផ្លូវការជាលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី​ ក្នុងបរិមាណជិត ៥​​តោន

Posted By: RoogRog Robot | 25-Apr-2024 15:21:33

2024-04-25 02:16pm

(ភ្នំពេញ)៖ ត្រីងៀតខ្មែរ​ ត្រូវបានម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប​ នាំចេញជាផ្លូវការ ជាលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី​ ដែលមានបរិមាណ ៤.៧តោន។ នេះបើតាម អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food បានសាកល្បងនាំចេញត្រីងៀតខ្មែរ លើកដំបូងចំនួន ៤.៧តោន ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាព ផលផលិតផលជលផលកម្ពុជា ហៅកាត់ថា CQS។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង ៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ។

កញ្ញា អ៊ឹម រចនាលើកឡើងថា <<ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីត្រេកអរចំពោះការបោះជំហាន ដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ និយាយជារួម។ យើងនឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ>>។

ទន្ទឹមគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រី នៅកម្ពុជាដទៃទៀត ដើម្បីធានាថាប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...