វិទ្យាស្ថានជាតិអប់រំ រៀបចំការតាំងពិព័រណ៍អប់រំលើស្នាដៃស្រាវជ្រាវ របស់គរុនិស្សិតកម្រិតឧត្តម ជំនាន់ទី២

Posted By: RoogRog Robot | 25-Apr-2024 14:40:40

2024-04-25 01:36pm

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការតាំងពិព័រណ៍អប់រំ លើស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញា ២) ជំនាន់ទី២ ដែលបានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ (NIE) និងដោយមានការចូលរួមពីលោកនាយករង លោកស្រីនាយិការង គណៈគ្រប់គ្រងនៃវិទ្យាស្ថាន ជាតិអប់រំ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ដេប៉ាតឺម៉ង់ បណ្ណាល័យ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ គរុនិស្សិត និងសិស្សានុសិស្សជាច្រើននាក់។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានឱ្យដឹងថា យោងតាមផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញា ២) ជំនាន់ទី២ ឆ្នាំ សិក្សា ២០២៣-២០២៤ និង២០២៤-២០២៥ គរុនិស្សិតដែលបានចូលរួមក្នុងការតាំងពិព័រណ៍នេះ មានចំនួនសរុប ៧៦៥នាក់ ស្រីចំនួន ៣៦៨នាក់ ក្នុងនោះគរុនិស្សិត ជាអតីតនិស្សិតសុទ្ធសាធ មានចំនួន៥៧៥ នាក់ ស្រី៣០៧នាក់ និងគរុនិស្សិតជាអតីតបុគ្គលិកអប់រំ មានចំនួន ១៩០នាក់ ស្រី៦១នាក់ ចែកចេញជា១៩មុខវិជ្ជាឯកទេស ស្មើនឹង៣៦ក្រុម។ គរុនិស្សិតទាំង៧៦៥នាក់នេះ បានធ្វើការស្រាវជ្រាវទៅលើ១១៣ប្រធាន។

លោកបណ្ឌិត សៀង សុវណ្ណា បានបញ្ជាក់ដែរថា ការរៀបចំឱ្យមានការតាំងពិព័រណ៍អប់រំនេះគឺមានគោលបំណងដូចជា៖ ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈតាមរយៈការសរសេរសៀវភៅសិក្សាគោល ការសរសេរ សៀវភៅកិច្ចតែងការបង្រៀន ការផលិតសម្ភារៈឧបទេសបង្រៀន សិក្សានិងការបង្កើតគំនិតថ្មីៗ ការសរសេរសៀវភៅសំណួរចម្លើយ និងល្បែង, ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀននិងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក, ជំរុញឲ្យមានការប្រឡងប្រណាំងក្នុងការផលិតនិងប្រើប្រាស់សម្ភារៈឧបទេសរៀននិងបង្រៀន, ជំរុញឲ្យគរុនិស្សិតចេះផ្សារភ្ជាប់ទ្រឹស្ដីដែលមានចែងក្នុងខ្លឹមសារមេរៀនទៅនឹងការអនុវត្តជាក់ស្ដែង ៥-ជំរុញឲ្យមានការអនុវត្តស្ទែមនៅក្នុងការបង្រៀននិងរៀន, បង្កើតឲ្យមានឥរិយាបថចូលរួមយ៉ាងសកម្មក្នុងការផលិតសម្ភារៈសម្រាប់ការរៀននិងបង្រៀន និងបណ្តុះឱ្យមានវប្បធម៌ស្វ័យសិក្សានិងការស្រាវជ្រាវ។

លោកបណ្ឌិត បានបន្ថែមថា ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវនេះមានសារសំខាន់សម្រាប់ធ្វើឲ្យគរុនិស្សិតមានការយល់ដឹងពីតម្លៃនៃការផលិតសម្ភារឧបទេសសម្រាប់បង្រៀនដែលធ្វើឲ្យខ្លឹមសារមេរៀនមានលក្ខណៈងាយស្រួលយល់ និងយល់បានកាន់តែស៊ីជម្រៅជាងមុន, ធ្វើឲ្យគរុនិស្សិតមានការចាប់អារម្មណ៍ និងចូលចិត្តនៅក្នុងការស្រាវជ្រាវ, ធ្វើឲ្យគរុនិស្សិតចេះសហការធ្វើការជាក្រុម បង្កើតបាននូវស្មារតីសាមគ្គីភាព យល់ដឹងពីតម្លៃសមូហភាព និងគ្មានគំនិតអាត្មានិយម។ បណ្តុះគរុនិស្សិតមានគំនិតច្នៃប្រឌិត និងនវានុវត្តឆ្លើយតបទៅនិងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ២០៣០ និង២០៥០។

នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់លោក លោកស្រី ដែលជាគណៈគ្រប់គ្រង លោក លោកស្រី ជាគ្រូឧទ្ទេស និងបុគ្គលិកអប់រំគ្រប់រូបនៃវិទ្យា ស្ថានជាតិអប់រំ ព្រមទាំងប្អូនៗ គរុនិស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការស្រាវជ្រាវ បង្ហាញស្នាដៃបន្ថែមលើមុខវិជ្ជាឯកទេសប្រកបដោយផ្លែផ្កាគួរជាទីមោទនៈដូចមានដាក់តាំងបង្ហាញនាពេលនេះ។

បណ្ឌិតសភាចារ្យ បានបន្ថែមថា ការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកវិជ្ជាជីវៈប្រចាំជីវិត និងការបង្កើនសមត្ថភាពដើម្បីប្រកបការងារ ក៏ដូចជាការពង្រឹងសមត្ថភាពសម្រាប់ការរៀនសូត្របន្តទៅថ្នាក់លើ។ ម៉្យាងវិញទៀត គោលដៅសំខាន់របស់ ក្រសួង គឺការពង្រឹងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនទូទាំងប្រទេស ដោយផ្តោតលើការប្រើប្រាស់វិធីសាស្ត្រ បង្រៀននានាដែលបម្រើឱ្យទ្រឹស្ដីអប់រំបែបស្ថាបនានិយម សំដៅឱ្យអ្នកសិក្សាមានបណិនគិត វិភាគ ដោះស្រាយ បញ្ហា ឆ្នៃប្រឌិត និងបំណិនឌីជីថល។

លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានបន្ថែមថា ការអប់រំ និងគ្រូបង្រៀនដ៏ល្អត្រូវមានលក្ខណៈសំខាន់ៗរួចមាន៖ បច្ចុប្បន្នភាពលើការអប់រំនៅកម្ពុជា ពិសេសកំណែទម្រង់គ្រូបង្រៀន, ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន, ការរៀបចំពិពរណ៍ស្នាដៃស្រាវជ្រាវអប់រំ, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគំរូ និងការផ្តោតលើអនាគតរបស់ប្រទេសជាតិ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ក៏ផ្ដល់ជាអនុសាសន៍ណែនាំដល់លោក លោកស្រីជាគណៈគ្រប់គ្រង បុគ្គលិក និងគ្រូឧទ្ទេស ជាពិសេសប្អូនៗគរុនិស្សិត ដែលនឹងក្លាយខ្លួនទៅជាគ្រូបង្រៀនកម្រិតឧត្តម ហើយចេញទៅបម្រើការងារនៅតាមបណ្ដាវិទ្យាល័យនានាក្នុងទូទាំងប្រទេស សូមខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់សិស្ស និងបន្តធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបទក្នុងការរៀនប្រកបដោយប្រសិទ្ធផលផងដែរ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...