ពលរដ្ឋខ្មែរផ្ទុះការប្រតិកម្ម និងខឹងសម្បា លោក សម រង្ស៉ី ក្រោយប្រឆាំងគម្រោង​ព្រែកជីកហ្វូណន-តេជោ, គេចាត់ទុកទង្វើនេះ ជាការសមគំនិតជាមួយបរទេស ក្បត់ប្រយោជន៍ជាតិ

Posted By: RoogRog Robot | 25-Apr-2024 13:31:26

2024-04-25 12:30pm

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងក្លា បន្ទាប់ពីលោក សម រង្ស៉ី ចេញសារប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ។ ពួកគេបានចាត់ទុកទង្វើរបស់លោក សម រង្ស៉ី ជាការសមគំនិតជាមួយបរទេស ហើយក្បត់ប្រយោជន៍របស់ជាតិខ្លួនឯង។

គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍​មហា​សាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​​ក៏បានគាំទ្រផងដែរ។

ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមអ្នក​សិក្សា​​ស្រាវ​ជ្រាវរបស់​វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោង​នេះ ហើយ​ចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើម​ឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយ​ព្យា​យាម​លាប​​ពណ៌​ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់​បង្អាក់គម្រោងនេះ ព្រោះ​វាធ្វើឱ្យ​បាត់​បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។

ស្រាប់តែ​នៅ​ព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ជារឿងដ៏គួរឱ្យភ្ញាក់​ផ្អើល​បំផុត អ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប គឺលោក សម រង្ស៉ី ដែល​កំពុ​ង​​រស់​នៅប្រទេសបារាំង គេចពី​សំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់​នឹង​គម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ បម្រើឱ្យ​ប្រយោជន៍​យោធារបស់​ចិន ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវមួយចំនួនរបស់វៀត​ណាមផងដែរ។

សាររបស់លោក សម រង្ស៉ី ជំទាស់គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាទង្វើយក​សាំងដុតខ្លួនឯង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសម្តែងការខឹងសម្បា​យ៉ាង​ខ្លាំងក្លាជាមួយលោក សម រង្ស៉ី។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។ លោកបានចាត់ទុកសារ​របស់លោក សម រង្ស៉ី គឺជារឿងដ៏ល្ងិតល្ងង់ ហើយក្បត់ទាំងស្រុងទៅនឹង​ផល​ប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ។

<<ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោ​បាយ​លេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ>>។ លោក គិន ភា បានគូសបញ្ជាក់។

បញ្ញវន្តខ្មែររូបនេះបន្តថា <<បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញ​គម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិ​ទាំង​ស្រុង>>។

ពលរដ្ឋខ្មែរលេងបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ក៏បានចេញមកប្រតិកម្ម​និងបង្ហាញការខឹងសម្បារបស់ពួកគេជាខ្លាំងទៅលើមេដឹកនាំអ្នកនយោបាយប្រឆាំងលោក សម រង្ស៉ី។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ <> បានលើកឡើងថា <<សម រង្ស៉ី អាយ៉ងយួនយ៉ាងពិតប្រាកដ មិនបានគិតប្រយោជន៍ជាតិ>>។

ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ <> បានសរសេរថា <<ប្រឆាំងយូរៗទៅគ្មានគិតប្រយោជន៍ជាតិអ្វីបន្តិចសោះ។ មិនដូចអ្នកប្រឆាំងជិតខាងយើងសោះ។ បើខ្លួនចាស់ហើយ នៅឱ្យស្ងៀមទៅទុកឱ្យគេធ្វើ>>។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <> បានសរសេរថា <<គាត់ [សម រង្ស៉ី]ជាមនុស្សបំផ្លាញជាតិ ថ្នាក់ដឹកនាំខំកសាងជាតិ ដើម្បីប្រជាជនកម្ពុជា គាត់ខំបំផ្លាញ>>។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <> បានសរសេរថា <<ឃើញកាន់តែច្បាស់ហើយ ចេញមកជំទាស់ទៅនឹងផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលើគម្រោងមួយនេះ>>។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <> បានសរសេរថា <<ព្រែកជីក ជាប្រយោជន៍បងប្អូនខ្មែរមួយប្រទេស ដើម្បីជួយសេដ្ឋកិច្ចជាតិ ព្រោះយើងត្រូវរស់ពឹងដង្ហើមខ្លួនឯងដក មិនពឹងដង្ហើមគេដកទៀតទេ។ បងប្អូនកសិករ ពេលផលិតដំណាំបាន តែប្រទេសជិតខាងបិទ គឺធ្លាក់ថ្លៃហើយ មានព្រែកជីក គឺមានទីផ្សារធំ គេលែងបិទបានទៀតហើយ>>។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ <> បានសរសេរថា <<នយោបាយជិតមួយជីវិតរបស់ សម រង្ស៉ី មិនដែលចង់ឱ្យប្រទេសខ្មែររីកចម្រើន ឬមានការអភិវឌ្ឍនោះទេ>>។

ក្រៅពីសារបានដកស្រង់មកបង្ហាញខាងលើនេះ នៅមានសារជាច្រើនទៀត បាន​ចេញ​មកប្រតិកម្ម និងថ្កោលទោសចំពោះការលើកឡើងរបស់លោក សម រង្ស៉ី។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។

លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផល​ប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមាន​ផ្លូវទឹក​ដឹក​ជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹក​នៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូល​ក្នុងសមុទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ន​ាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...