បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

Posted By: RoogRog Robot | 25-Apr-2024 12:51:35

2024-04-25 11:47am

(សៀមរាប)៖<<ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន>> ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទមានដូចជា៖ សំណង់ប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង រួមទាំមានសហគមន៍មនុស្ស។ ហេតុនេះតំបន់ភ្នំគូលែន បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិផងដែរ។

ភ្នំគូលែន មានឈ្មោះជាផ្លូវការ <<ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន>> ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍មួយនេះណាស់។ លើសពីនេះទៅទៀតភ្នំគូលែន មានឈ្មោះដើមថា មហិន្ទ្រព័ត ជាទីតាំងសក្ការមួយដែលមានភាពល្បីល្បាយផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងជាអតីតរាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឱ្យសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរ បានចាក់ផុតពីការគ្រប់គ្រងរបស់ពួកជ្វា។

រហូតមកបច្ចុប្បន្ននេះ អតីតរាជធានីនៃអាណាចក្រខ្មែរ ដ៏រុងរឿងមួយនេះត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដែលមានសក្តានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ ព្រមទាំងមានតំបន់ទេសភាពប្លែកៗជាច្រើនទៀត។

ដោយឡែកក្នុងចំណោមទីតាំងទេសចរណ៍នៅលើភ្នំគូលែន <<ស្រះដំរី>> ជាទីតាំងទេសចរណ៍មួយស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អ្នកទេសចរអាចធ្វើដំណើរតាមម៉ូតូកាត់តាមភូមិថ្មី វត្តព្រះក្រាល រួចបន្តដំណើរទៅមុខប្រមាណ ៣គីឡូម៉ែត្រ មានស្ពានមួយទៅមុខបន្តិចដល់ល្អាងប្រប្រចៀវ បន្ទាប់មកមានផ្លូវម៉ូតូមួយទៅខាងឆ្វេងដៃប្រមាណ៣០០ម៉ែត្រ នឹងទៅដល់ <<ស្រះដំរី>>។

ស្រះដំរី​ ជា​ឈ្មោះ​ដែល​ប្រជាជន​ហៅ ដោយ​មាន​រូប​ដំរី​ធំ​មួយ​ និង​នៅ​ពី​មុខ​នោះ​មាន​ស្រះ​ទឹក​មួយ។ ស្រះ​ដំរី​មាន​សំណង់​ជា​ច្រើន​គួរឱ្យចាប់​អារម្មណ៍ និង​មាន​ទេសភាព​គួរឱ្យគយគន់។ អ្នក​ទេសចរ​អាច​សម្រាក​លំហែ​នៅ​ទីនោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​គយគន់​ទេសភាព​ពី​លើ​ទី​ខ្ពស់។ ប៉ុន្តែ ផ្លូវលំបាកដ៏លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។

ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា <<ឥន្រ្ទតបតិសិហ>> មានស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត។ ស្រះនេះហើយដែលគេហៅថាជា <<ស្រះដំរី>>។

ទាក់ទងនឹងរូបស្ដេចកង្កែបនេះធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ <<កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់។ ទើបព្រះមហាក្សត្រចាត់ឱ្យគេមកលបមើលឱ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកា​មាត្យ​បានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឱ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និងភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ។

យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឱ្យដឹងថា៖ <<កាលអំពីឆ្នាំ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័នទី២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ <<ព្រះគម្តែងជគត ត រាជ>> (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឱ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត>>។

សូមជម្រាបថា តាមរយៈប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការងារនេះឆ្លុះបញ្ចាំងទៅនឹង <<យុទ្ធសាស្រ្តបញ្ចកោណ>> ដំណាក់កាលទី១ មុំទី២ ចំណុចទី៤ និង៥ គឺ <<ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ>> ដោយបានប្រកាសកំណត់យកឧទ្យានជាតិ <<ភ្នំគូលែន>> ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ។

បច្ចុប្បន្ននេះ ឧទ្យានជាតិ<<ភ្នំគូលែន>> មានផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម <<ភ្នំគូលែន>> ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ (៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម <<ភ្នំគូលែន>> សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

អនុលោមតាម <<យុទ្ធសាស្រ្តបញ្ចកោណ>> ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ <<យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន>> ឆ្នាំ២០២៣-២០២៨ និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម <<ភ្នំគូលែន>> ជាគោលដៅទេសចរណ៍ធម្មជាតិ។

ការរៀបចំគោលដៅលំហែបៃតង សំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម <<ភ្នំគូលែន>> មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេចរមកកម្សាន្ត សរុបចំនួន៨៥កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន ១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ ក្នុងនោះស្រ្តី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។

ជាមួយគ្នានោះនៅ <<ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន>> ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមានទី១៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ទី២៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ទី៣៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ទី៤៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និងទី៥៖ សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ>>។

រាជធានីបុរាណលើខ្នងភ្នំគូលែននេះ អាចថាធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ។ បើយោងតាមសៀវភៅឯកសាររបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅលើភ្នំគូលែន មាន ៧១ប្រាសាទ ៥៦ពើង និងបុរាណស្ថាននានាចំនួន២៨ផ្សេងទៀត សរុបទាំងអស់ចំនួន ១៥៥កន្លែង៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...