អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់អំពើពុករលួយ

Posted By: RoogRog Robot | 24-Apr-2024 07:02:24

2024-04-24 04:59pm

(មូស្គូ)៖ នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យទទួលសំណូកទ្រង់ទ្រាយធំ ស្របពេលដែលប្រទេសរុស្ស៉ីបាននិងកំពុងបង្កើន ការចំណាយយ៉ាងច្រើនសម្បើម ទៅលើវិស័យការពារជាតិ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

លោក Timur Ivanov អាយុ៤៨ឆ្នាំ ដែលជាមនុស្សជំនិតយូរមកហើយ របស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Lavrov ទទួលបន្ទុកមើលការខុសត្រូវ លើការងារសាងសង់និងលទ្ធកម្ម សម្រាប់កងកម្លាំងយោធារុស្ស៉ី។ ការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងសំខាន់មួយរបស់រុស្ស៉ី ក្នុងការស្ថាបនាឡើងវិញ នូវទីក្រុង Mariupol របស់អ៊ុយក្រែន ដែលត្រូវរុស្ស៉ីដណ្តើមត្រួតត្រាបាន អំឡុងសង្រ្គាម។ លោក Ivanov នឹងត្រូវប្រឈមការជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរុស្ស៉ីមួយចំនួន ធ្លាប់បានរាយការណ៍ថា លោក Ivanov និងគ្រួសារ មានទ្រព្យសម្បត្តិយ៉ាង​ច្រើនលើសលប់ តាមរយៈការទទួលសំណូក ពាក់ព័ន្ធកិច្ចសន្យាផ្សេងៗ ដែលរូបលោកាបនផ្តល់ការយល់ព្រម នៅឯក្រសួងការពារជាតិរុស្ស៉ី។ កាលពីចុងឆ្នាំ២០២២ ក្រុមរបស់អតីតដឹកនាំបក្សប្រឆាំងរុស្ស៉ី លោក Navalny ក៏ធ្លាប់បានអះអាងផងដែរថា ពួកគេមានសារអ៉ីម៉ែលដែលលេចធ្លាយជាច្រើន របស់ភរិយាលោក Ivanov គឺលោកស្រី Svetlana Maniovich ដែលបង្ហាញអំពី ជីវិតរស់នៅមួយ ដែលមានភាពឡូយឆាយខ្លាំងបំផុត លើសពីអ្វីដែលប្រាក់បៀវត្សផ្លូវការរបស់លោក អាចរ៉ាប់រងបាន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...