ចោរឆក់យ៉ាងសកម្ម២នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសត្រឹម១៦ខែ ដោយសារអាយុទើប១៧ឆ្នាំ

Posted By: RoogRog Robot | 24-Apr-2024 17:14:10

2024-04-24 04:08pm

(ភ្នំពេញ)៖ លោកស្រី សម័យ លីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ សម្រេចផ្ដន្ទាទោសក្រុមចោរ ឆក់២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយដាក់ពន្ធនាគារត្រឹម១៦ខែ ក្រោមហេតុផលអាយុមិនទាន់ដល់១៨ឆ្នាំ។

ក្រុមចោរឆក់ទាំង២នាក់នេះ ឈ្មោះ ម៉ក់ សុវណ្ណាឌី អាយុ១៦ឆ្នាំ (អ្នកបេីក) និងឈ្មោះ ខែម វិរះពិទូរ អាយុ១៧ឆ្នាំ (ដៃដល់) ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៦ខែ ពីបទ <<លួចមានស្ថានទម្ងន់ទោស>>។

សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេចនៅចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ពេលនោះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញជន សង្ស័យជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ជាជនជាតិវៀតណាម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ហើយដកហូតបាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1JS-9473 (របស់ជនសង្ស័យ)៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...