សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥

Posted By: RoogRog Robot | 24-Apr-2024 16:33:15

2024-04-24 03:26pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្ដីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥។

នេះបើតាមការបញ្ជាក់ឲ្យដឹង តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ <<លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់>> របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្ដីថ្លៃថ្នូរ និងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិត ទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍៖

* ការទប់ស្កាត់មិនឲ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៦ * ការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មានត្រឹមតែ ១ ៣៨៤ ករណីប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា <<ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេចគោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវ តែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាព ការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥>>។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិច ដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។

បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឲ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឲ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជាសិទ្ធិរបស់ប្រជាជនគ្រប់រូប ដែលត្រូវទទួលបានផងដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...