បក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ ប្រកាសប្តេជ្ញាពង្រឹងមិត្តភាព និងសាមគ្គីភាព ដើម្បីប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ

Posted By: RoogRog Robot | 24-Apr-2024 15:12:25

2024-04-24 02:08pm

(ភ្នំពេញ)៖ មិនត្រឹមតែក្នុងក្របខណ្ឌរដ្ឋ និងរដ្ឋនោះទេ ក្នុងនាមជាបក្ស​នយោ​បាយ​កំពុងដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការគណបក្សប្រជាជន​បដិវត្តន៍​ឡាវ ក៏​បានប្រកាសយ៉ាងម៉ឺងមាត់ជាមួយគ្នា បន្តពង្រឹងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែ​រឹងមាំ ដើម្បីនាំប្រយោជន៍ជូនប្រទេស និងប្រជាជនកម្ពុជា-ឡាវ។

ការប្រកាសពង្រឹងមិត្តភាព និងសាមគ្គីភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូល​លើក​ទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុង​ស្មារតីជឿទុកចិត្តគ្ន ដើម្បីបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែ​ស៊ី​ជម្រៅ និងប្រកបដោយផ្លែផ្កា។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងការ​អប​អរសាទរយ៉ាងក្រៃលែង​ចំពោះ​ការរីកចម្រើនឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ច​សហ​​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបាន​លើក​កម្ពស់ដល់កម្រិត ភាពជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង។

បន្ថែមពីលើនោះភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍រួម​នៅក្នុងតំបន់ និង​អន្តរជាតិ សភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេស​នីមួយៗ ទំនាក់​ទំនង​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំង​ទិស​ដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកអគ្គ​លេខាធិការបក្ស និងថ្នាក់ដឹក​នាំឡាវទាំងអស់ ដែលបានផ្ញើសារអបអរសាទរ​គណ​បក្សប្រជាជនកម្ពុជា ដែល​​បានទទួលជ័យជម្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា និងអប​អរសាទរ​ដល់​សម្តេច​តេជោ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង​ជាប្រធាន​ព្រឹទ្ធ​សភា នីតិកាលទី៥។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជា​ប្រធាន​អាស៊ាន និងជាប្រធាន​អន្ត​រសភាអាស៊ាននៅឆ្នាំ២០២៤ របស់ភាគីមិត្ត​ឡាវ និងបានអញ្ជើញភាគីឡាវ​ដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ឡាវចូលរួមនៅក្នុងកិច្ច​ប្រជុំ​កំពូល​លើកទី១២ នៃកិច្ច​សហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា​-ឡា​វ​-វៀតណាម (CLV) កិច្ច​ប្រជុំ​ពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី​ភាព​អត់ឱន និងសន្តិភាព (IPTP) មហាសន្និបាតលើកទី១២ នៃសន្និសីទ​អន្ត​រ​ជាតិ​​នៃបណ្តាគណបក្សនយោ​បាយនៅ​អាស៊ី (ICAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ី​លើកទី៣ (ACC) និងកិច្ចប្រជុំកំពូល​សៀម​​រាប-អង្គរ ស្ដីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ​២០២៤ នេះផងដែរ។

សម្តេចតេជោ និងលោក ថងលុន ស៊ីសុលីត បានវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​នៃ​ការចាត់តាំងអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូលលើកទី១៣ រវាងគណបក្សទាំងពីរនៅ​រដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២៣ ដែលបានរួមចំណែក យ៉ាងធំធេង​ដល់ការលើកកម្ពស់ចំណង​សាម​គ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហ​ប្រតិ​បត្តិការ និង ការជួយគាំទ្រ​គ្នាទៅវិញទៅមករវាងគណបក្ស សភា រដ្ឋាភិបាល និង​អង្គ​ការមហាជន​នៃប្រទេស​ទាំងពីរ ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន​នៃប្រទេសទាំងពីរ ដើម្បីបុព្វ​ហេតុ​ការពារនិងអភិវឌ្ឍន៍ប្រទេសនីមួយៗ ដើម្បីលើក​កម្ពស់តួនាទីប្រទេស​ទាំងពីរ​នៅក្នុងតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាម​គ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូច​ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិនៃប្រទេស​ទាំង​បី និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំង​ក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានឯកភាពជួបប្រជុំកំពូលលើកទី១៥ នៅសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ នាឆ្នាំ២០២៥។

មិនត្រឹមក្នុងក្របខណ្ឌបក្សនយោបាយដឹកនាំប្រទេសប៉ុណ្ណោះទេ ក្នុងក្របខណ្ឌរដ្ឋ និងរដ្ឋ កម្ពុជា និងឡាវ ក៏បានប្រកាសបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​ឱ្យកាន់តែល្អប្រសើរ។ រក្សាចំណងមិត្តភាព និងសាមគ្គីឱ្យកាន់តែរឹងមាំក្នុងនាម​ជាប្រទេសមានរបងជាប់គ្នា។

ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានអះ​អាង​ថា ទោះបីបញ្ហាពិភពលោក និងតំបន់មានការវិវឌ្ឍន៍ប្រែប្រួល​យ៉ាង​ណាក៏​ដោយ​ចុះ ក៏ឡាវនៅតែបន្តប្រឹងប្រែងរក្សាទំនាក់ទំនង រក្សាចំណងមិត្តភាព និង​សាមគ្គីភាពឱ្យកាន់តែរឹងមាំជាមួយកម្ពុជា។

អ្នកតាមដានបញ្ហាតំបន់ និងពិភពលោក បានលើកឡើងថា ក្នុងគ្រាដែលពិភពលោកមានការប្រកួតប្រជែងភូមិសាស្ត្រកាន់តែស្រួចស្រាវ ការ​រក្សាបានមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រទេសមានព្រំដែន​ជាប់គ្នា គឺជារឿងមួយដ៏សំខាន់ ដើម្បីធានាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។ ជាពិសេសបញ្ចៀសវិបត្តិនៃភ្លើងសង្គ្រាម៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...