ជនរងគ្រោះក្នុងសំណុំរឿងសែកស្អុយជាង១លានដុល្លារ ស្នើក្រសួងយុត្តធម៌ជួយតាមដានដំណើរការកាត់ក្ដី នៅសាលាដំបូងរាជធានីភ្នំពេញ, សវនាការធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា

Posted By: RoogRog Robot | 24-Apr-2024 14:59:50

2024-04-24 01:56pm

(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ លី ដាអេ អាយុ៥១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលខ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថា ជាឈ្មួញរកស៊ីដីធ្លីម្នាក់ និងជាថៅកែហ្ការ៉ាសាំងជាច្រើនកន្លែងនោះ បានចេញមូលប្បទានប័ត្រ (សែកស្អុយ) ចំនួន២សន្លឹក ដោយពុំមានសាច់ប្រាក់ជូនជនរងគ្រោះម្នាក់ សរុបជាង១លានដុល្លារ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ <<មិនបំពេញកាព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន>>។

សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យជនជាប់ចោទរូបនេះ ចូលខ្លួនមកជំនុំជម្រះទោសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ក្នុងបន្ទប់សាលសាវនាការទី៣ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

ទាក់ទិនករណីនេះ កន្លងមកស្រ្តីឈ្មោះ លី ដាអេ មិនដែលចូលខ្លួនមកដោះស្រាយ និងតែងតែព្យាយាមគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន ដែលជាហេតុបណ្ដាលឲ្យសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់។

ស្រ្តីខាងលើនេះ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១ ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយ តែបន្ទាប់មកស្រ្តីនេះបានបន្តលួងលោមបោកបញ្ឆោតជនរងគ្រោះ ដោយឲ្យកូនស្រីខ្លួនឈ្មោះ លី ឈីវហ៊ុយ ចេញសែកជំនួស ដើម្បីឲ្យជនរងគ្រោះជឿជាក់ម្តងហើយម្តងទៀត តែទីបំផុតដល់ថ្ងៃបើកលុយ ក៏នៅជាសែកស្អុយគ្មានទឹកប្រាក់ដដែរ។

ពេលនោះជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញម្តងទៀត ដើម្បីរកយុត្តិធម៌។ ក្រោយមកសមត្ថកិច្ចក៏បានចាប់ខ្លួនស្រ្តីជាកូនឈ្មោះ លី ឈីវហ៊ុយ នោះបញ្ជូនទៅតុលាការ ដើម្បីធ្វើការសាកសួររួច ក៏ត្រូវបានតុលាការដោះលែងវិញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ក្នុងន័យនេះ ជនរងគ្រោះស្នើសុំមកក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យ និងតាមដានការជម្រះក្ដីរបស់សាលាដំបូងនេះផង ដើម្បីធានាថា ជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ពិតប្រាកដ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...