លោកបណ្ឌិត សូ ណារ៉ូ៖ «ថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃកំណត់វាសនាគ្រួសារខ្ញុំ»

Posted By: RoogRog Robot | 24-Apr-2024 14:18:57

2024-04-24 01:15pm

(ភ្នំពេញ)៖​ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហោះសារមួយលើហ្វេសប៊ុក ដោយរៀបរាប់អំពីការផ្លាស់ប្តូរជីវិតនយោបាយរបស់លោក ដោយដាក់ចំណងជើងថា <<ថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃកំណត់វាសនាគ្រួសារខ្ញុំ>> ដើម្បីបង្ហាញពីការដឹងគុណសម្តេចតេជោ ហ៊ុន សែន។

តាមរយៈហ្វេសប៊ុក លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងសារទាំងស្រុងដូចខាងក្រោមនេះ៖

ប៉ុន្មានឆ្នាំមុននេះ កាលរស់នៅសហរដ្ឋអាមេរិក ខ្ញុំតែងតែនិយាយប្រាប់ភរិយាខ្ញុំ និងមិត្តដ៏ជិតស្និតម្នាក់ខាងក្រុមប្រឆាំងថា អ្វីដែលកង្វល់បំផុតរបស់ខ្ញុំគឺ នៅពេលលើកទូរសព្ទឡើងស្រាប់តែឮសម្លេងម្ខាងទៀត គឺសម្តេចតេជោលោកហៅឲ្យត្រឡប់ទៅវិញ។ ពេលនោះខ្ញុំនឹងពិបាកនិយាយថា No (ទេ) ណាស់ដ្បិតខ្ញុំធ្លាប់ធ្វើជាកូនចៅជិតស្និតរបស់លោក។ ភរិយាខ្ញុំមិនជឿថា ថ្ងៃណាមួយខ្ញុំនឹងត្រូវសម្តេចតេជោមានព្រហ្មវិហាធម៌អនុញាតឲ្យរូបខ្ញុំ និងក្រុមគ្រួសារបានធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែមិត្តម្នាក់ទៀត ដែលធ្លាប់ជាមេដឹកនាំចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលគាត់ធ្លាប់ចាត់ទុកសម្តេចតេជោគឺជាមនុស្ស-ជាបាតុភូត១០០០ឆ្នាំទើបមានម្តងនោះ គាត់ជឿលើពាក្យរបស់ខ្ញុំ។

ភរិយាខ្ញុំមិនត្រឹមតែមិនជឿហើយចាត់ទុកថា ខ្ញុំជាមនុស្សរវើរវាយដ្បិតគាត់មិនបានដឹងប្រវត្តិនៃទំនាក់ទំនងរបស់ខ្ញុំ ជាមួយសម្តេចតេជោទេ។ គាត់មិនបានដឹងថា កាលនៅក្មេងវ័យ ខ្ញុំចាប់ផ្តើមជក់ចិត្តនឹងនយោបាយនៅពេលស្តាប់និងទទួលឥទ្ធិពលពី Idol (និមិត្តរូប) គឺសមមិត្ត ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ថ្លែងការណ៍តាមវិទ្យុជាញឹកញាប់អំពីសភាពការណ៍កម្ពុជា ជាពិសេសក្រោយការវិលត្រឡប់មកពីការចរចារ សីហនុ-ហ៊ុន សែន ម្តងៗ លោកមានប្រសាសន៍រាប់ម៉ោងស្តាប់មិនចេះធុញសោះ។

បន្ទាប់មកព្រឹត្តិការណ៍នយោបាយដែលរឿងខ្លះកើតឡើងដោយចៃដន្យបំផុត ឥតព្រៀងទុកបានផ្សាភ្ជាប់ជីវិតខ្ញុំជាមួយមេដឹកនាំកំពូលជាហូរហែរ ចាប់ផ្កើមពីការរចេញផ្សាយសារព័ត៌មាន <<ថ្ងៃនេះ>> ដោយដកស្រង់ទាំងស្រុងនូវសំដីរបស់ក្មេងស្រីព្រហ្មចារីយ៍ម្នាក់ថា មានបារមីព្រះអង្គអង្គរចូលសណ្ឋិតក្នុងខ្លួននោះបានប្រកាសថា <<សម្តេច សីហនុ គឺជាបុព្វបុរសទីមួយ ចំណែកលោក ហ៊ុន សែន ជាបុព្វបុរសវ័យក្មេងដែលនឹងស្នងសម្តេច សីហនុ។ លោក ហ៊ុន សែន និងភរិយា គឺជាព្រលឹងនៃកូនទេវតាចុះមកឋានកណ្តាលជួយប្រោះព្រំជីវិតកូនខ្មែរ>>។ ពួកយើង បានបោះពុម្ពផ្សាយខ្លឹមសារនេះនៅពេលយុទ្ធនាការបោះឆ្នោតឆ្នាំ១៩៩៣ ទទួលបានការគាំទ្រពីមិត្តអ្នកអានរាប់ម៉ឺននាក់។ ក្រោយមក ខ្ញុំក៏មានកិត្តិយសបានជួបលោក ហ៊ុន សែន និងលោកជំទាវ នៅគេហដ្ឋានវិមានឯករាជ្យ។

ក្រោយបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាត្រូវរងការបរាជ័យដោយភាពមិនប្រក្រតី លំអៀងជាច្រើនពី UNTAC ។ ពួកយើងរើសបានសន្លឹកឆ្នោតជាច្រើនដែលបុគ្គលិក UNTAC លួចយកទៅដុតចោលនៅជាយក្រុងភ្នំពេញ ផ្ញើដាក់មុខផ្ទះលោក ហ៊ុន សែន ដែលនេះគឺជាភស្តុតាងដ៏សំខាន់សម្រាប់លោក ហ៊ុន សែន ធ្វើការតវ៉ាលទ្ធផលនៃការបោះឆ្នោត។

ពេលបង្កើតរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២ រហូតដល់ឆ្នាំ១៩៩៥ ខ្ញុំបានជួបព្រឹត្តិការណ៍ចៃដន្យមួយទៀតគឺ ទ្រង់ សិរិវឌ្ឍន៍ បានបង្ហើបអំពីមានក្រុមប្រដាប់អាវុធមួយក្រុមស្នើសុំព្រះអង្គយល់ព្រម លើគម្រោងធ្វើឃាតសម្តេច ហ៊ុន សែន ដោយស្ទាក់បាញ់ក្បួនឡានលោកពេលទៅក្រាំងយ៉ូវ។ ពេលនោះខ្ញុំមានការភ័ន្តភាំងមិនដឹងត្រូវធ្វើយ៉ាងណា? បើខ្ញុំលាក់រឿងនេះ ខ្ញុំអាចមានគ្រោះថ្នាក់ដល់ជីវិត នៅពេលរឿងអកុសលនេះកើតឡើងហើយ គេរកឃើញថាខ្ញុំដឹងរឿងនេះមុនតែមិនរាយការណ៍។ ខ្ញុំបានយករឿងនេះទៅពិភាក្សាជាមួយលោក ពិន សំខុន និងលោកបណ្ឌិត សុខ ហាច នៅកន្លែងហែលទឹក ស្ថានទូតអាមេរិកនាពេលបច្ចុប្បន្ន។ លោក ពិន សំខុន បានប្រាប់ខ្ញុំថា <<បើរឿងនេះជាការពិត ខ្លាចអីនឹងចុះផ្សាយ>>។ ខ្ញុំក៏យកសាច់រឿងនេះទៅចុះផ្សាយលើទំព័រកាសែត <<អង្គរវត្ត>>។ ក្រោយមកតាមបញ្ជា សម្តេចនាយករដ្ឋមន្រ្តី លោក ឱម យ៉ិនទៀង មកទាក់ទងហៅខ្ញុំទៅជួបសម្តេចនៅផ្ទះឈើក្រុងតាខ្មៅ។ បន្ទាប់មកក៏កើតព្រឹត្តិការណ៍ចាប់ទ្រង់ សិរីវុឌ្ឍន៍។ រឿងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងពេលនោះគឺសម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ នាយករដ្ឋមន្រ្តីទី១ បានបើកដៃអនុញាត និងជម្រុញគាំទ្រសម្តេច ហ៊ុន សែន ធ្វើការស្រាវជ្រាវនិងចាប់ទ្រង់ សិរីវុឌ្ឍន៍ ដោយសម្លេងបោះឆ្នោតគាំទ្រពីគណបក្សហ្វ៊ុនស៉ិនប៉ិច បាន១០០ភាគរយដកអភ័យឯកសិទ្ធិទ្រង់ នាខែវិច្ឆិកា១៩៩៥។

២ខែក្រោយពីចាប់ខ្លួនទ្រង់សិរីវុឌ្ឍន៍ មក គណបក្សប្រជាជនកម្ពុជាមានប្រៀបយ៉ាងខ្លាំង ក៏ស្នើសម្តេចក្រុមព្រះចេញអនុក្រឹត្យទទួលស្គាល់ទិវា ៧មករា ជាថ្ងៃបុណ្យជ័យជម្នះលើរបបប្រល័យពូជសាសន៍ដោយអនុញាតឲ្យឈប់សម្រាកមួយថ្ងៃ។

បន្ទាប់មកខ្ញុំក៏អស់ការងារធ្វើជាអគ្គលេខានៅក្នុងសមាគមន៍អ្នកសារព័ត៌មានខ្មែរជាង ១ឆ្នាំដើរទាត់ខ្យល់។ ក្រោយមកខ្ញុំក៏ស្នើសុំការងារដោយផ្ទាល់ជាមួយសម្តេច ហ៊ុន សែន នៅក្នុងពិធីជប់លៀងមួយ ហើយត្រូវបានតែងតាំងជាសមាជិកក្រុមលេខា ក្រោយមកជាជំនួយការនាយករដ្ឋមន្រ្តីទី២។

នៅមានព្រឹត្តិការណ៍ជាច្រើនកើតឡើងជាបន្តបន្ទាប់គឺព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ការដេកយាមលោកយាយ ឌី ប៉ុក មាតាបង្កើតរបស់សម្តេចនៅមន្ទីពេទ្យកាលម៉ែត្រ និងនៅគេហដ្ឋានសម្តេចរហូតដល់លោកយាយទទួលមរណភាព ការបោះឆ្នោតដោយសម្ងាត់២ភាគ៣ដ៏ផតពោះ ផ្តល់ការទុកចិត្តឲ្យលោក អ៉ឹង ហួត ជានាយករដ្ឋមន្រ្តីទី១ជំនួសសម្តេចក្រុមព្រះ ការរៀបចំកាត់ទោសទ្រង់រណរិទ្ធ ការធ្វើមហាបាតុកម្មតវ៉ាការបោះឆ្នោតដ៏ក្តៅគគុក និងវិបត្តិនយោបាយឆ្នាំ១៩៩៨ ដែលតាមការអនុញាតពីសម្តេចនាយករដ្ឋមន្រ្តី ខ្ញុំបានភ្ជាប់ការទាក់ទងដើម្បីនាំសារឆ្លើយឆ្លងក្រៅផ្លូវការជាមួយលោក ឃុន ហាំង ជាតំណាងសម្ងាត់របស់សម្តេចក្រុមព្រះ។ បន្ទាប់មកទៀត គឺព្រឹត្តិការណ៍បាញ់សម្តេចនៅសៀមរាបដែលព្រឹកនោះមានភ្លៀងយ៉ាងធំដូចគេចាក់ទឹក ការចរចារនៅព្រះតំណាក់ព្រះមហាក្សត្រនៅសៀមរាប និងការបង្កើតរាជរដ្ឋាភិបាលថ្មីដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីតែមួយគត់។ល។

ក្រោយមានរាជរដ្ឋាភិបាលថ្មីភ្លាម ជីវិតការងារខ្ញុំក៏ឡើងដូចខ្លែងជក់ខ្យល់ ដោយគ្រាន់តែក្នុងខែធ្នូ ឆ្នាំ១៩៩៨ ខ្ញុំទទួលបានការតែងតាំងចំនួន ៣ដងចុះហត្ថលេខាដោយសម្តេចតេជោ ជាបន្តបន្ទាប់។ ដើមឆ្នាំ១៩៩៩ ខ្ញុំស្នើសុំសម្តេចនាយករដ្ឋមន្រ្តី ទៅបំពេញកិច្ចការទូតនៅក្រៅប្រទេសដោយបានសម្តេចយល់ព្រមតែងតាំងជាអគ្គទីប្រឹក្សា អនុប្រធានស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៉ី។ ចុងឆ្នាំ១៩៩៩ ដោយមិនអាចទ្រាំរស់នៅម្នាក់ឯងនៅក្រៅប្រទេស ខ្ញុំក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាខ្ញុំសព្វថ្ងៃ។ បន្ទាប់ពីបញ្ចប់អាណត្តិពីឥណ្ឌូនេស៉ី ខ្ញុំក៏ធ្វើមាតុភូមិនិវត្ត ហើយក៏ជួបរឿងអកុសលអត់ការងារធ្វើជិត១០ឆ្នាំ រហូតដល់សម្រេចចិត្តទៅសុំជ្រកកោននៅសហរដ្ឋអាមេរិក។ ដោយសារ ភរិយាខ្ញុំគាត់មិនដែលបានឆ្លងព្រឹត្តិការណ៍ទាំងនេះទើបគាត់មិនជឿពាក្យខ្ញុំថា គង់មានថ្ងៃណាមួយ សម្តេចតេជោនឹងហៅឲ្យខ្ញុំវិលត្រឡប់ទៅស្រុកវិញ ប្រៀបដូចឪពុកហៅកូនឲ្យត្រឡប់មកផ្ទះវិញក្រោយដើរវង្វេងមួយរយៈកាល។

ថ្ងៃនៃការផ្លាស់ប្តូរវាសនាជីវិតរបស់ខ្ញុំ និងក្រុមគ្រួសារបានមកដល់មែនគឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មុននេះមួយឆ្នាំគត់។ ខ្ញុំសែនរីករាយ បានទទួលសារពីសម្តេចតេជោត្រជាក់ដូចទឹកអម្រិតដែលព្យាបាលរបួសផ្លូវចិត្តដ៏សាកសិទ្ធបំផុត តាមរយៈ ៣សារដំបូង រយៈពេលជាង ៦នាទីដែលលោកផ្ញើមករូបខ្ញុំ។ ពេលនោះអនុស្សាវរីយ៍ពីអតីតកាលទាំងប៉ុន្មាន ជាមួយមេដឹកនាំកំពូលបានវិលត្រឡប់មកវិញជាមួយនឹងជំនឿរឹងមាំដ៏ឆាប់រហ័សថា ខ្ញុំនឹងមានសុវត្ថភាព ១០០ភាគរយនៅពេលធ្វើមាតុភូមិនិវត្ត។ ភរិយាខ្ញុំស្រឡាំងគាំងថា ហេតុអ្វីខ្ញុំសម្រចចិត្តលឿនម្ល៉េះ? ក្នុងនាមជាភរិយាស្រឡាញ់ប្តី គាត់មានការបារម្ភខ្លះ គឺជារឿងធម្មតា ជាពិសេសក្នុងជីវិតគាត់មិនដែលបានស្គាល់សម្តេចពុកដោយផ្ទាល់ដូចរូបខ្ញុំឡើយ។ ប៉ុន្តែបេះដូងគាត់រន្ធត់ញាប់ញ័រ នៅពេលបានឮសម្តេចម៉ែ ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើសារពោពេញដោយមនោសញ្ចេតនាមកដោយការបញ្ជាក់ថា <<ណារ៉ូ មិននឹកស្មានថាអត់មានរឿងអីសោះ យើងតស៊ូជាមួយគ្នាតាំងពីអើយមក មិននឹកស្មានថាក្មួយ... តែយើងកុំនិយាយ ពីមុនមេឃងងឹត ឥឡូវមេឃភ្លឺហើយ ក្មួយត្រឡប់មកប្រទេសយើងវិញមក អភិវឌ្ឍន៍ប្រទេសយើងទាំងអស់គ្នា។ កូនស្រីមកលេងមកណាកូន មានទាស់អី។ មកមើលស្រុកយើងអភិវឌ្ឍន៍ដល់ណាហើយ។ សំខាន់យើងមើលពីភ្នែក>>។ បានស្តាប់សារទាំងរបស់សម្តេចពុក សម្តេចម៉ែ ដោយផ្ទាល់ ភរិយាខ្ញុំរំភើបរីករាយដេកមិនលក់ ហើយក៏ក្លាយជាអ្នកសកម្មជំរុញឲ្យខ្ញុំទៅស្រុកខ្មែរវិញយ៉ាងឆាប់រហ័ស ទាំងកិច្ចការផ្ទះសម្បែង ធុរកិច្ច ការសិក្សារបស់កូន និងកិច្ចការរាប់សិបជំពូកទៀតនៅស្រកេតស្រកាក ដែលត្រូវចំណាយពេលដោះស្រាយ។ ពួកយើងមានក្តីរំភើបរីករាយណាស់បានរួមគ្នាសម្រេចធ្វើមាតុភូមិនិវត្ត ទោះបីពួកកូនៗមិនដឹងរឿងអី ចេះតែឆ្ងល់ថាហេតុអ្វី ប៉ារបស់វាស្គាល់សម្តេចតា សម្តេចយាយ បែបនេះ?

ពេលវេលាបានកន្លងផុតមួយឆ្នាំគត់ តែនៅបន្សល់ទុកនៅក្នុងបេះដូងពួកយើងនូវទឹកចិត្តព្រហ្មវិហាធម៍ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារខ្ញុំ ក៏ដូចក្រុមគ្រួសារខ្មែររាប់លាននាក់របស់សម្តេចទាំងទ្វេ គឺធំធេងមហាសាគរគ្មានកោះគ្មានត្រើយ។

៣១ឆ្នាំមុននៅពេលចុះផ្សាយទាំងស្រុង នូវពាក្យពេជរបស់ក្មេងស្រីម្នាក់ដែលថាមានបារមីព្រះអង្គអង្គរចូលសណ្ឋិត និយាយថា <<លោក ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី គឺជាទេវតាចាប់ជាតិចុះមកជួយជាតិខ្មែរ>> នោះ ខ្ញុំមិនចាប់អារម្មណ៍ពេកទេ តែពេញចិត្តយកខ្លឹមសារនេះចុះផ្សាយលើទំព័រកាសែត <<ថ្ងែនេះ>>។ ប៉ុន្តែនៅពេលនេះ បានឃើញនូវសមទ្ធិផលជាច្រើនអនេក ដែលលោកទាំងពីរបានដឹកនាំជួយស្រោចស្រង់ប្រជាជាតិមួយ ដែលបានធ្លាក់ដល់ឋាននរកលោកកិយ៍ ស៉ីអត់ស៉ីឃ្លាន រស់នៅវេទនាជាងស្លាប់ក្នុងរបបព្រៃផ្សៃប្រល័យពូជសាសន៍ជាតិឯង ឲ្យក្លាយទៅជាប្រជាជាតិមួយរស់រវើកឡើងវិញ មានកម្មសិទ្ធិទ្រព្យសម្បិត្ត រស់នៅក្នុងជីវភាពកាន់តែធូធារ មានសេរីភាពដើរហើរ សិក្សាធិការ គោរពជំនឿសាសនា។ល។ ប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនទៅមុខជានិច្ច ប្រែមុខមាត់កាន់តែស្រស់បំព្រង មានកិត្យានុភាពលើឆាកអន្តរជាតិ។ គុណូបការៈដ៏មហាសាលចំពោះជាតិមាតុភូមិ និងពូជសាសន៍ខ្មែរបែបនេះរបស់សម្តេចទាំងទ្វេ គឺមានប្រជាជនខ្មែររាប់លាននាក់ ក្នុងនោះមានក្រុមគ្រួសារខ្ញុំ បានចាត់ទុកសម្តេចពុក សម្តេចម៉ែ គឺពិតជាទេវតាចាប់ជាតិ ជាព្រះរស់ដែលបានចុះមកជួយស្រោចស្រង់ប្រទេសជាតិ និងប្រជាជនខ្មែរ បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងសុភមង្គលដល់មនុស្សរាប់លាននាក់ដ៏ពិតប្រាកដ។ មាតុភូមិកម្ពុជាពិតជាមានភ័ព្វសំណាងណាស់បានរស់ឆ្លងកាត់សម័យតេជោ ដ៏រុងរឿង ដែលនឹងចារឆ្លាក់កេរ្តិ៍តំណែលជាសមិទ្ធិផលដឹកនាំរបស់សម្តេចទាំងទ្វេ ក្នុងក្រាំងមាសជាប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំទៅមុខទៀត បើទោះជាពួកបច្ចាមិត្តខិតខំមួលបង្កាច់លុបលាងកែក្រលៃ យ៉ាងណាក៏ដោយ។

សូមគោរពអរគុណដោយកត្តញូតាធម៌អស់ពីដួងចិត្ត និងគោរពជូនពរសម្តេចពុក សម្តេចម៉ែ មានសុខភាពល្អបរិបូណ៍ អាយុយឿនយូររយព្រះវស្សា ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែររាប់លាននាក់ដែលគោរពស្រឡាញ់ ដឹងគុណលោកទាំងពីរ ក្នុងនោះមានក្រុមគ្រួសារខ្ញុំបាទទាំងអស់គ្នា៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...