ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកជូនដល់ពលរដ្ឋនៅស្រុកសំរោង និងស្រុកទ្រាំង ខេត្តតាកែវ

Posted By: RoogRog Robot | 23-Apr-2024 21:47:50

2024-04-23 08:43pm

(តាកែវ)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គយករងបច្ចេកទេស និងមន្ដ្រីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង និងស្រុកទ្រាំង ខេត្តតាកែវ។

នាពេលព្រឹក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពសហគមន៍ផលិតទឹកស្អាតបឹងអមតៈ ដែលរីងស្ងួត ស្ថិតនៅក្នុងភូមិបឹង ឃុំខ្វាវ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋចំនួន ៥៣១គ្រួសារ ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបានចុះពិនិត្យការជួសជុលអណ្តូងទឹក ១កន្លែង និងស្រះទឹកសហគមន៍ ១កន្លែង ទំហំ ៣០ម៉ែត្រ គុណនឹង ៧៥ម៉ែត្រ នៅក្នុងភូមិខ្វាវ និងភូមិអូរ ឃុំខ្វាវ ស្រុកសំរោង។ បន្ទាប់មក គណៈប្រតិភូបានបន្តចុះពិនិត្យស្ថានភាពស្ថានីយផលិតទឹកស្អាតបត់រកា ស្ថិតនៅឃុំសំរោង ស្រុកសំរោង ដែលជាស្ថានីយផ្គត់ផ្គង់ទឹកស្អាតមួយដ៏ធំនៅក្នុងខេត្តតាកែវ ហើយបច្ចុប្បន្នមានភាពរីងស្ងួតស្ទើរតែទាំងស្រុង។ លើសពីនេះ គណៈប្រតិភូបានចុះពិនិត្យនូវស្ថានីយ៍បូមទឹកតេជោ ដែលជាស្ថានីយដ៏សំខាន់មួយទៀតនៅក្នុងស្រុកទ្រាំង ក៏មានស្ថានភាពរីងស្ងួតស្ទើរតែទាំងស្រុងផងដែរ។

នារសៀលថ្ងៃដដែល គណៈប្រតិភូបានបន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ ស្មើនឹង ២៤៥គ្រួសារ ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ គឺភូមិព្រៃមៀន និងភូមិរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង និងបានបន្តចុះពិនិត្យស្ថានភាពប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់សហគមន៍មានទំហំ ៥០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។

ក្នុងឱកាសនោះ គណៈប្រតិភូបានប្រគល់ជូនប៊ីដុងស្តុកទឹកដែលមានចំណុះ ៣០លីត្រ ចំនួន ៧៧៦កាន ដែលជាអំណោយដ៏របស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋចំនួន ៧៧៦គ្រួសារ ក្នុងភូមិទាំង៤ខាងលើ សម្រាប់ប្រើប្រាស់បណ្តោះអាសន្នផងដែរ។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស អាស្រ័យហេតុនេះក្រសួងបានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងផ្តល់កិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា៕



































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...