លោក Blinken បដិសេធការលើកឡើងថា សហរដ្ឋអាមេរិកអនុវត្តស្តង់ដារពីរ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សរបស់អ៉ីស្រាអែល

Posted By: RoogRog Robot | 23-Apr-2024 13:01:16

2024-04-23 11:56am

(វ៉ាស៉ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានច្រានចោលនូវការលើឡើងដែលថា ទីក្រុងវ៉ាស៉ីនតោនមាន <<ស្តង់ដារពីរ>> នៅពេលអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ពីការរំលោភបំពាន ដោយយោធាអ៉ីស្រាអែលនៅឯតំបន់ហ្កាហ្សា ហើយថាដំណើរការពិនិត្យលើ ការចោទប្រកាន់បែបនេះកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក លោក Blinken បានលើកជាសំណួរឡើងថា <<តើយើងមានស្តង់ដារពីរឬ? ចម្លើយ គឺគ្មានទេ។ ជាទូទៅ ដូចដែលយើងកំពុង​ពិនិត្យលើបញ្ហា និងស្ថានភាពសិទ្ធិមនុស្សជុំវិញពិភពលោក យើងអនុវត្តស្តង់ដារដូចៗគ្នា។ វាគ្មានការផ្លាស់ប្តូរទេ មិនថាចំពោះ ប្រទេសជាគូប្រជែង ឬសម្ព័ន្ធមិត្ត>>។

លោក Blinken បានបន្ថែមថា <<នៅពេលនិយាយពីការចោទប្រកាន់លើឧទ្ទវហេតុណាមួយ ឬការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ឬការរំលោភសិទ្ធិ... យើងកំពុងធ្វើការ ហើយពិនិត្យលើឧទ្ទវហេតុដែលកាន់តែកើនឡើង។ ការពិនិត្យកំពុងស្ថិតក្នុងដំណើរការ>>។ យ៉ាងនេះក្តី លោក Blinken បានបដិសេធមិនបញ្ជាក់ច្បាស់ថាដំណើរការវាយតម្លៃ អាចនឹងរួចរាល់នៅពេលណានោះទេ។

គួរបញ្ជាក់ថា សកម្មភាពយោធារបស់អ៉ីស្រាអែល បានស្ថិតនៅក្រោមការតាមដានកាន់តែខ្លាំងឡើង ខណៈកងកម្លាំងរបស់ខ្លួន បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤,០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ដែលបើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ភាគច្រើនគឺជាជនស៉ីវិល និងកុមារ។ ពេលនេះ តំបន់ហ្កាហ្សា ស្ទើរតែក្លាយទៅជាវាលរហោស្ថាន ហើយការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង បានជំរុញឱ្យមានការភ័យខ្លាចពីគ្រោះទុរ្ភិក្ស៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...