អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកា៥ពាន់ដុល្លារដល់សមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្តកម្ពុជា

Posted By: RoogRog Robot | 20-Apr-2024 20:32:45

2024-04-20 07:26pm

(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លារដល់ សមាគមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្រ្តកម្ពុជាសម្រាប់ទ្រទ្រង់ដល់សមាគមនិងថ្លៃសំបុត្រយន្តហោះដល់ម្ចាស់ជ័យលាភីលេខ១ និងលេខ៣ នៃ កម្មវិធីប្រឡងប្រជែងពានរង្វាន់សរីរវិទ្យា ដើម្បីត្រៀមទៅប្រកួតប្រជែងនៅប្រទេសហ្វីលីពីនក្នុងកម្មវិធី 20th IMSPQ នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ការឧបត្ថម្ភនេះត្រូវបានប្រកាសនៅពេលដែលអ្នកឧកញ៉ា វេជ្ជបណ្ឌិត អញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីប្រឡងប្រជែងពានរង្វាន់សរីរវិទ្យា នៅវិទ្យាស្ថាន សុខភាព សាធារណៈ កាលពី ថ្ងៃទី៨ ខែមីនាឆ្នាំ២០២៤។

លោក វេជ្ជបណ្ឌិត គាន់ កែវឧត្ដម អនុប្រធានសមាគមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្រ្តកម្ពុជា បានឱ្យដឹងថា គោលដៅ សំខាន់នៃការប្រឡងប្រជែងពានរង្វាន់សរីរវិទ្យានេះ គឺជាសារដាស់តឿនដល់និស្សិតវេជ្ជសាស្ត្រគ្រប់រូប ឱ្យ យល់ ពីសារៈសំខាន់នៃមុខវិជ្ជាសរីរវិទ្យាដែលជះឥទ្ធិពលដល់ការពិនិត្យនិងការព្យាបាលជំងឺ លើកទឹកចិត្ត ដល់និស្សិតជំនាន់ក្រោយឱ្យមានឱកាសទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងបង្កើតឱ្យមានវប្បធម៌ ចែក រំលែក ព្រមទាំងត្រួសត្រាយផ្លូវដល់អ្នកជំនាន់ក្រោយៗទៀតបានបញ្ចេញសមត្ថភាពរបស់ខ្លួនដោយងាយស្រួល ដើម្បីឱ្យប្រទេសយើងកាន់តែសម្បូរដោយធនធានមនុស្ស។

ក្រោយឆ្លងកាត់វិញ្ញាសាលំបាកៗពីសាស្រ្តាចារ្យខ្មែរនិងម៉ាឡេស៊ី ទីបំផុតក៏រកឃើញម្ចាស់ជ័យលាភី ៣ក្រុម នៅក្នុង ការប្រកួតយ៉ាងស្វិតស្វាញ របស់និស្សិតវេជ្ជសាស្ត្រ៩ក្រុម។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើក សរសើរ អំពីកម្មវិធីប្រឡងប្រជែងនេះថា មានការរៀបចំបានយ៉ាងល្អប្រសើរបំផុត ហើយកម្មវិធីនេះផ្ដល់ ផលប្រយោជន៍ យ៉ាងខ្លាំង ដល់និស្សិតនិងវេជ្ជបណ្ឌិតរបស់ប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ជូនថា ថវិកា៥ពាន់ដុល្លារដែលអ្នកឧកញ៉ាវេជ្ជបណ្ឌិតបានឧបត្ថម្ភដល់ សមាគមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត កម្ពុជានេះ គឺ២ពាន់ដុល្លារសម្រាប់ទ្រទ្រង់ ដល់ សមាគម និង៣ពាន់ដុល្លារសម្រាប់ថ្លៃសំបុត្រយន្តហោះ ដល់ ម្ចាស់ ជ័យ លាភីលេខ១និងលេខ៣ ដើម្បីត្រៀមទៅប្រកួតប្រជែងនៅប្រទេសហ្វីលីពីនក្នុងកម្មវិធី 20th IMSPQ នាខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...