សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាបានកំពុងយកចិត្តទុកដាក់ជាយ៉ាងខ្លាំង លើការធ្វើកំណែទម្រង់ និងអភិបាលកិច្ចល្អ

Posted By: RoogRog Robot | 20-Apr-2024 16:23:11

2024-04-20 03:22pm

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា អភិបាលកិច្ចល្អ និងការធ្វើកំណែទម្រង់គឺជាចំណុចអាទិភាព ដើម្បីឱ្យស្ថាប័នរីកចម្រើនហើយ ការងារកាន់តែមានប្រសិទ្ធភាព នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ម៉ឺងមាត់ នៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង នៅក្នុងនោះរដ្ឋសភា ដែលមានអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការ បានកំពុងពង្រឹងអភិបាលកិច្ច ការធ្វើកំណែទម្រង់ ព្រមទំាងធ្វើទំនើបកម្មស្ថាប័ន ឱ្យទៅជារដ្ឋសភាឌីជីថល ដើរទាន់សម័យបច្ចេកវិទ្យាផងដែរ។

សម្តេចរដ្ឋសភាធិបតី បានបេ្តជ្ញាចិត្តយ៉ាងមោះមុត នៅក្នុងការលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលការងាររដ្ឋសភានៅក្នុងនីតិកាលទី៧នេះ ដើម្បីចួលរួមចំណែក ជំរុញការអភិវឌ្ឍន៍នៅកម្ពុជាជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលកម្ពុជានៅឆ្នាំ២០៣០នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឱកាសចូលឆ្នាំថ្មី សម្តេចរដ្ឋសភាធិបតី បានស្នើឱ្យមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ទំាងវ័យក្មេងនិងវ័យចាស់ រួមគ្នាធ្វើការដោយយកផលប្រយោជន៍ប្រទេសជាតិជាស្នូល។

សម្តេចលើកឡើងថាមន្រ្តីចាស់ៗ ពោលពេញដោយបទពិសោធន៍ដែលមន្រ្តីវ័យក្មេងពុំមាននោះឡើយ។ ដូច្នេះមន្រ្តីវ័យក្មេងត្រូវចេះគោរព ប្រណិប័តន៍ដើម្បីទទួលបានចំណេះដឹងពីមន្រ្តីចាស់ៗ ហើយរួមគ្នាលើកកម្ពស់ស្ថាប័នឱ្យមានការរីកចម្រើនទៅមុខ។ សម្តេចបានសង្កត់ធ្ងន់ថាចំណេះដឹង ជំនាញគឺជាធនធានចាំបាច់របស់មន្រ្តីម្នាក់ៗ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះគឺ សីលធម៌។ មានចំណេះដឹង មានសីលធម៌ បុគ្គលនឹងមានការរីកចម្រើន អនាគតភ្លឺស្វាងជាមិនខានឡើយ។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថាសាមគ្គីជាកក្តានាំមកនូវជោគជ័យ។ ជោគជ័យមិនអាចកើតមានឡើងដោយសារថ្នាក់ដឹកនាំម្នាក់ពីរនាក់នោះទេ។ ជោគជ័យបានពីកម្លំាងសាមគ្គីរបស់មន្រ្តីរាជការ និងថ្នាក់ដឹកនាំរួមគ្នា៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...