សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអគារបម្រើសេវាវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុន ជូនប្រជាជនកម្ពុជា (Video inside)

Posted By: RoogRog Robot | 20-Apr-2024 12:13:35

2024-04-20 11:07am

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសមិទ្ធផលអគារបម្រើឱ្យសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាការដូឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចប្រជាជនកម្ពុជាទាំងមូល ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកយ៉ាងដូច្នេះថា៖ <<សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬមួយជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាល សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅជុំវិញនេះដែលនឹងប្រើប្រាស់នូវសេវាវះកាត់>>។

តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា​ សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយបន្តកម្ពុជារហូតមក តួយ៉ាងសមិទ្ធផលនាថ្ងៃនេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

<<សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងដោយសារការជួយរបស់រដ្ឋាភិបាល​ និងប្រជាជនជប៉ុន ចឹងយើងអាច ចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង>>។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់សមិទ្ធផលសុខភាពនេះ គឺព្យាបាលម្នាក់ សប្បាយរាប់លាននាក់។ មានន័យថា ​ប្រសិនបើព្យាបាលមនុស្សម្នាក់ជាសះស្បើយនោះខ្លួនឯងសប្បាយចិត្ត គ្រួសារសប្បាយចិត្ត មានសុភមង្គល ហើយប្រជាពលរដ្ឋមានសុខភាពល្អ ប្រទេសជាតិមានកម្លាំងពលកម្មដែលរឹងមាំជួយដល់ប្រទេសជាតិ ធ្វើប្រទេសមានការរីកចម្រើន ដូច្នេះសមិទ្ធផលលើវិស័យសុខាភិបាលមានសារៈសំខាន់ខ្លាំងណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា អគារវះកាត់ថ្មីនេះ មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនផងដែរ។ ហើយអគារវះកាត់ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យតេជោកោះធំ និងមន្ទីរពេទ្យតេជោសន្តិភាព ដែលសម្ពោធបានផ្តល់គុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា។

គួរឱ្យដឹងថា <<អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់>> បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា។

ជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម។ជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕


























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...