ក្រសួងធនធានទឹក សហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និង អាជ្ញាធរ ដែនដីធ្វើអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង

Posted By: RoogRog Robot | 19-Apr-2024 23:58:19

2024-04-19 10:55pm

(ព្រៃវែង)៖ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយនឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីនៃនាយកដ្ឋានធារាសាស្រ្តកសិកម្មរបស់ក្រសួង ព្រមទាំងមានកិច្ចសហការល្អ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់របស់ក្រសួង ដើម្បីបូមទឹក និងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករដែលបាននិង កំពុងជួបប្រទះនូវបញ្ហាខ្វះទឹកខ្លាំង ដោយទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ សកម្មភាពអន្តរាគមន៍ និង លទ្ធផលដែលទទួលបានមាន ដូចជា៖

*ចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤៖ បានចុះជួយអន្តរាគមន៍ បូមទឹក នៅចំណុច ព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារ អន្តរាគមន៍ បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំ ដើម្បី បញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុងភូមិចំនួន៥ គឺភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។

*ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៖ ការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង ៣០០០ម៉ែត្រ ដើម្បីទាញយកទឹកពីអាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន ៤៤៧ ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ក្រុងព្រៃវែង ដោយសម្រេចបាននូវលទ្ធផល ១០០%។

ជាការឆ្លើយតប តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ ដែលជួបបញ្ហាខ្វះទឹកខ្លាំងជាងគេបានបង្ហាញនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយបានជួយដោះស្រាយបញ្ហាទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...