ក្រុមចោរប្លន់ម៉ូតូ៦នាក់ ត្រូវតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារ, ជនសង្ស័យម្នាក់ធ្លាប់លួចកាលពីឆ្នាំ២០២៣ ប៉ុន្ដែជាប់ពន្ធនាគារប៉ុន្មានខែ ត្រូវបានដោះលែងវិញ

Posted By: RoogRog Robot | 19-Apr-2024 22:50:11

2024-04-19 09:47pm

(កណ្ដាល)៖ ក្រុមចោរវាយប្លន់ម៉ូតូចំនួន៦នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ ខណៈម្នាក់ឈ្មោះ ប៉េង គឹមសេង ជាមុខសញ្ញាចាស់ធ្លាប់លួចកាលពីឆ្នាំ២០២៣ ហើយត្រូវសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញ ក្រោយជាប់ពន្ធនាគារប៉ុន្មានខែ។

ក្រុមចោរទាំង៦នាក់នេះបានធ្វើសកម្មភាពកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ដោយជិះដេញតាមធាក់ម៉ូតូជនរងគ្រោះម៉ាក Honda Beat សេរី២០២៤ បណ្តាលឲ្យដួលម៉ូតូ ហើយបានដណ្តើមយកម៉ូតូពីជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។ លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០២៖០០នាទីយប់ ក្រុមជនសង្ស័យដដែលបាននាំគ្នាជិះម៉ូតូ៤គ្រឿង ដេញវាយជនរងគ្រោះម្នាក់ទៀត នៅចំណុចតាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ហើយដណ្តើមម៉ូតូម៉ាក Honda scoopy ពណ៌ស សេរី២០២៣ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ និងឆែកកាំមេរ៉ាសុវត្ថិភាព និងឆែកមើល GPS ទើបដឹងថា ម៉ូតូរបស់ជនរងគ្រោះខាងលើនៅម្ដុំផ្ទះជួលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់។

ជាការកត់សម្គាល់ ជនសង្ស័យទាំង៦នាក់នេះ មានម្នាក់ជាមុខសញ្ញាចាស់ឈ្មោះ ប៉េង គឹមសេង អាយុ២៥ឆ្នាំ ដែលធ្លាប់ធ្វើសកម្មភាពលួចកាបូបជនរងគ្រោះម្នាក់ នៅម្ដុំវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ហើយរំលងបានប៉ុន្មាន នៅអំឡុងខែមករា ឆ្នាំ២០២៣ ជនសង្ស័យក៏ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែពេលនោះ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា រូបគេឈ្មោះ សេង វណ្ណា អាយុ២២ឆ្នាំ។ ពោលឈ្មោះ ប៉េង គឹមសេង និងឈ្មោះ សេង វណ្ណា ជាមនុស្សតែមួយ។

រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅជនរងគ្រោះ ក្នុងឋានៈជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៦២៦១ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានជនជាប់ចោទឈ្មោះ សេង វណ្ណា ជាប់ចោទពីបទលួច ដើម្បីឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សាលវសនាការទី១ ជាន់ផ្ទាល់ដី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

នៅពេលជនរងគ្រោះបានចូលទៅដល់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ជនរងគ្រោះថា ជនជាប់ចោទឈ្មោះ សេង វណ្ណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងបាត់ទៅហើយ។ ត្រង់ចំណុចនេះ គេសន្និដ្ឋានបានថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងចោរម្នាក់នេះ ក្រោយចាប់ខ្លួនមិនបានប៉ុន្មានខែផងនោះ។

រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក កេត សុជាតិ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ ដាក់ពន្ធនាគារកំណត់១ឆ្នាំ និងសងទៅឲ្យដើមបណ្តឹងចំនួន៣,០០០ដុល្លារ។ ប៉ុន្ដែតាំងពីថ្ងៃប្រកាសសាលក្រម មកទល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ជនរងគ្រោះមិនទាន់ទទួលបានសំណង់សូម្បីមួយរៀល ទាំងដែលជនជាប់ត្រូវបានដោះលែង ហើយចេញធ្វើសកម្មភាពជាថ្មីនៅពេលនេះ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...