(គៀវ)៖ រដ្ឋមន្ត្រីការបរទេសទីក្រុងគៀវ បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេស នៃមហាអំណាចទាំងប្រាំពីរ ឬ G7 បានកំណត់រួចហើយនូវ <<ជំហានជាក់លាក់>> ដែលចាំបាច់ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី ដោយព្រមានថា អឺរ៉ុបអាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាម ប្រសិនបើរុស្ស៊ីឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
លោក Dmytro Kuleba បានប្រាប់អ្នកយកព័ត៌មាន នៅលើកោះ Capri នៃប្រទេសអ៊ីតាលី ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេស G7 កំពុងជួបប្រជុំគ្នានៅទីនោះ យ៉ាងដូច្នេះថា <<យើងបានកំណត់នូវជំហានជាក់លាក់ ដែលដៃគូលោកខាងលិច នឹងចាត់វិធានការដើម្បីជួយអ៊ុយក្រែន>>។
លោកបានបន្ថែមថា ប្រទេសលោកខាងលិចមានសមត្ថភាព <<ផ្តល់ឱ្យអ៊ុយក្រែននូវធនធានចាំបាច់ទាំងអស់ភ្លាមៗ ដើម្បីជួយសង្រ្គោះអឺរ៉ុបពីសង្រ្គាមធំជាងនេះ>> ទោះយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតអំពីការលើកឡើងនេះទេ៕