រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំត្រៀមបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»

Posted By: RoogRog Robot | 19-Apr-2024 10:22:45

2024-04-19 05:16pm

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ <<រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>> គ្រោងធ្វើនៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗ របស់ជាតិចូលរួមទស្សនាផងដែរ។

នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍បាល់ទាត់ ខាងលើនេះ ដំណើរការទៅដោយភាពសប្បាយរីករាយ និងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាសន្តិសុខ សុវត្ថិភាពជាដើម។

លោក ឃួង ស្រេង បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សារៀបចំផែនការ សំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូន និងជោគជ័យ។

លោកបញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះ នឹងមានកម្មករកម្មការនី យុវជន និស្សិតខ្ទង់ម៉ឺននាក់ ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទាមទារឲ្យអាជ្ញាធររបស់យើង ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចំណតជាដើម។

លោក ឃួង ស្រេង បានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើង គឺដើម្បីរឹតចំណងមិត្តភាព រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀត ដែលខុសច្បាប់ សីលធម៌សង្គម។

ម្យ៉ាងទៀត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាព តាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា។ ក្នុងសេចក្តីផ្តើមគោលគំនិតនៃកម្រោងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម ក្រោមមូលបទ <<រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>>៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...