ប្រមុខរដ្ឋាភិបាលកម្ពុជា៖ កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ កម្លាំងស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្សផ្នែកកងទ័ព (Video inside)

Posted By: RoogRog Robot | 19-Apr-2024 12:38:41

2024-04-19 11:32am

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ ជាពិសេសតួនាទីដ៏សំខាន់របស់នាយទាហាន ដែលត្រូវបានយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជាប់ប្រចាំ ហើយស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្សផ្នែកកងទ័ព។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ និងការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនរបស់សាកលវិទ្យាល័យការពារជាតិ និយាយដោយឡែក និងនិយាយជារួម កងយោធពលខេមរភូមិន្ទ។ ខណៈសាកលវិទ្យាល័យការពារជាតិ មានតួនាទីបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ ដើម្បីធានាការហ្វឹកហ្វឺនកងទ័ពសំខាន់បំផុត គឺត្រូវយកចិត្តទុកដាក់លើអង្គភាពហ្វឹកហ្វឺន ហើយជាពិសេសតាមបណ្តាលសាលាហ្វឹកហ្វឺនបណ្តុះបណ្តលកងទ័ពទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ <<កិច្ចការពារជាតិ គឺជាកិច្ចការងារដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាតព្វកិច្ចដ៏សំខាន់របស់យើងគ្រប់ៗគ្នា ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធតែម្តង ហើយស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាពនៃធនធានមនុស្ស>>។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងវិស័យការពារជាតិ គឺមានយោធិន ៣កម្រិត រួមមាន៖ នាយទាហាន នាយទាហានរង និងពលទាហាន ហើយក្នុងនោះនាយទាហានដើរតួនាទីគន្លឹះនៅក្នុងវិស័យការពារជាតិ ខណៈនាយទាហានមានតួនាទីចំនួន២ គឺទី១៖ ជាអ្នកគ្រប់គ្រង និងទី២៖ ជាអ្នកដឹកនាំ។ ក្នុងនាមជាអ្នកគ្រប់គ្រង ភារកិច្ចសំខាន់ពាក់ព័ន្ធការរៀបចំផែនការ បែកចែក ការប្រគល់ភារកិច្ចដល់យោធិនក្រោមបង្គាប់ ការទទួលខុសត្រូវលើកិច្ចការធានាផ្សេងៗ សម្របសម្រួលដោះស្រាយបញ្ហាដើម្បីធានាបេសកកម្មរបស់អង្គភាព និងយោធិននៅក្រោមបង្គាប់ទទួលបានជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំ ត្រូវដឹកនាំបញ្ជាកម្លាំងអនុវត្តន៍គ្រប់ភារកិច្ច ដូច្នេះតួនាទីរបស់នាយទាហាន គឺសំខាន់ខ្លាំងណាស់។

<<ដើម្បីធានាគុណភាព និងសមត្ថភាពនាយទាហានយើងត្រូវគិតគូរយកចិត្តទុកដាក់ដល់ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលនាយទាហាន គ្រប់កម្រិតទាំងយុទ្ធវិធី យុទ្ធនាការ និងយុទ្ធសាស្ត្រ កាន់តែខ្ពស់ កាន់តែទូលំទូលាយ នាយទាហានបឋមធ្វើការច្រើនផ្នែកយុទ្ធវិធីផ្តោតទៅលើយោធាទេ នាយទាហានកម្រិតយុទ្ធសាស្ត្រត្រូវយល់ទាំងយុទ្ធវិធី ទាំងនយោបាយ>>។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កិច្ចកំណែទម្រង់លើវិស័យការពារជាតិ គឺមិនមែនជាកិច្ចការងាយស្រួលនោះទេ តែយើងត្រូវតែធ្វើឱ្យបានជោគជ័យ ដោយមិនដកថយឡើយ។ ដូច្នេះ ដើម្បីពង្រឹងសមត្ថភាពនាយទាហានលើកិច្ចការការពារជាតិ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពបែកបាក់ និងសង្គ្រាមពីអតីតកាល ជាហេតុនាំឱ្យកម្ពុជាមានទាហានច្រើន និងបានណែនាំគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហាន ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឱ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនកងយោធពលខេមរភូមិន្ទ។

សាកលវិទ្យាល័យការពារជាតិ មានភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺនជូននាយទាហានជាន់ខ្ពស់ នាយទាហាន នាយទាហានអាជីព និងនាយទាហានជំនាញឯកទេស ដើម្បីក្លាយជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ប្រកបទៅដោយសមត្ថភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវ វិភាគ និង វាយតម្លៃលើការអនុវត្តវិធានការយុទ្ធសាស្ត្រគោលនយោបាយការពារជាតិ និងការអនុវត្តន៍តួនាទី ភារកិច្ច ជានាយទាហាន ជាមេបញ្ជាការ និងជាសេនាធិការដឹកនាំបញ្ហា៕










































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...