កម្ពុជាស្នើដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក

Posted By: RoogRog Robot | 19-Apr-2024 10:17:09

2024-04-19 09:13am

(អូស្ត្រាលី)៖ ក្នុងកិច្ចសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី ២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយសំណើររបស់កម្ពុជា ត្រូវបានសមាជិកអង្គប្រជុំ គាំទ្រយ៉ាងផុលផុស។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី ២៥។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ប្រទេស, អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យទំនាក់ទំនងបណ្ដាញព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក (RILO/AP) និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៤ ប្រទេស។

ក្នុងមតិចាប់ផ្តើមសនិ្នសីទលោក Michael Outram អគ្គនាយកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (Australia Border Force - ABF) និងជាអនុប្រធានអង្គការគយពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសម្តែងមតិស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយនៃប្រទេសជាសមាជិក ក្នុងតំបន់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការគ្នា អនុវត្តដោយជោគជ័យ នូវផែនការយុទ្ធសាស្ត្រ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Regional Strategic Plan - RSP) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការការពារសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់។

លោកក៏បានថ្លែងអំណរគុណ ដល់អង្គការគយពិភពលោក (WCO) និងដៃគូអភិវឌ្ឍនានា ដែលតែងតែគាំទ្រដល់រដ្ឋបាលគយ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អង្គសន្និសីទបានដំណើរការយ៉ាងផុលផុស ក្រោមរបៀបវារៈមួយចំនួនរួមមាន៖ ១. របាយការណ៍ស្តីពី គំនិតផ្តួចផ្តើម និងគោលនយោបាយកែទម្រង់របស់ WCO, ២. អនុម័តផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក RSP ឆ្នាំ២០២៤-២០២៦, ៣. របាយការណ៍នៃការអនុវត្តផែនការសកម្មភាព កសាងសមត្ថភាពប្រចាំតំបន់របស់ (ROCB/AP) និងការងាររបស់ RILO/AP ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់, ៣. របាយការណ៍ ស្តីពីការអនុវត្តគម្រោងអន្តរតំបន់ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អាមេរិក និងការីប៊ីន) លើសមភាពយេនឌ័រ និងគម្រោងតំបន់ ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក, ៤. អនុម័តលើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់សាលាជាតិគយ ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre - RTC AP និងគាំទ្ររដ្ឋបាលគយឥណ្ឌា លើសំណើបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់, ៥. ពិភាក្សា និងកត់សំគាល់លើរបាយការណ៍ ស្តីពីកំណែទម្រង់ និងទំនើបកម្មរចនាសម្ព័ន្ធអង្គការគយពិភពលោក, ៦. គាំទ្រក្របខណ្ឌគោលការណ៍នៃការកែលំអសមត្ថភាពសុនខ និងការបង្កើតមជ្ឈមណ្ឌលសុនខ នៃអង្គការគយពិភពលោក, ៧. គាំទ្របេក្ខភាពតំណាងរដ្ឋបាលគយ ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅក្នុងគណៈកម្មាធិការនានា នៃអង្គការគយពិភពលោក, និង ៨. បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ បណ្ឌិត គុណ ញឹម បានធ្វើបទអន្តរាគមន៍លើរបៀបវារៈមួយចំនួន និងបានថ្លែងអំណរគុណ ដល់សមាជិកអង្គប្រជុំដែលបានថ្លែងមតិគាំទ្រយ៉ាងផុលផុស លើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃ រដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅ មកលើការងារគយ ដោយផ្ដោតជាពិសេស លើការបណ្ដុះបណ្ដាលធនធានមនុស្ស។

គួរបញ្ជាក់ផងដែរថា តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋបាលគយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការគយពិភពលោក (បច្ចុប្បន្នមានសមាជិក ៣៥ ប្រទេស) មានរយៈពេល ២ឆ្នាំ ហើយកិច្ចប្រជុំលើកនេះ ជាកិច្ចប្រជុំលើកចុងក្រោយ ដែលដឹកនាំដោយអគ្គនាយកអង្គភាពកម្លាំងព្រំដែនអូស្រ្តាលី (ABF) ហើយរដ្ឋបាលគយហុងកុងនឹង ទទួលបន្តវេនជាប្រធានចាប់ពីខែកក្កដា ឆ្នាំ២០២៤ សម្រាប់រយៈពេល ២ឆ្នាំបន្ទាប់៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...