អគ្គលេខាធិការអាស៊ាន ទទួលជួបភ្ញៀវ និងចូលរួមកម្មវិធីមួយចំនួននៅទីក្រុងហ្សាការតា

Posted By: RoogRog Robot | 18-Apr-2024 21:55:37

2024-04-18 08:53pm

(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមថ្លែងសន្ទរកថា បើកក្នុងកម្មវិធី កាណាដា និងអាស៊ាន៖ កសាងស្ពានកាន់តែរឹងមាំ ដើម្បីកំណើនទៅវិញទៅមក ដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ជាអង្គភាពពាក់ព័ន្ធអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នាឱកាសនោះលោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា ការទទួលស្គាល់នេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងចីរភាពសម្រាប់ទាំងអាស៊ាន និងកាណាដា។

នៅព្រឹកដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានទទួលជួបជាមួយបណ្ឌិត Rikhi Thakral នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Thakral លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកបណ្ឌិត Rikhi Thakral ដែលបានពង្រីកធុរកិច្ចរបស់គាត់ដល់ស្ទើរតែគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងទីម័រខាងកើត ដែលពិតជាបានចូលរួមចំណែកដល់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក Simon Lin Bai Feng ប្រធានក្រុមហ៊ុន Huawei តំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់នវានុវត្តន៍ឌីជីថល តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយមេដឹកនាំឧស្សាហកម្ម ដូចជា ក្រុមហ៊ុន Huawei ជាដើម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យដែលអាចសហការគ្នាបាន រវាងអាស៊ាន និងក្រុមហ៊ុន Huawei ដើម្បីសម្របសម្រួលដល់ការអនុវត្តផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានផ្តល់សន្ទរកថា ស្វាគមន៍នៅក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែង ICT លើកទី៨ របស់ក្រុមហ៊ុន Huawei ។ ការប្រកួតប្រជែង ICT របស់ក្រុមហ៊ុន Huawei ដែលត្រូវបានរៀបចំសហការជាមួយមូលនិធិអាស៊ាន គឺជាវេទិកាសម្រាប់ឱ្យនិស្សិតបង្ហាញពីជំនាញ ភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហានៅក្នុងបរិស្ថានដែលមានការប្រកួតប្រជែង ប៉ុន្តែមានការសហការគ្នា។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន ក៏បានប្រគល់ពានរង្វាន់ពិសេស ដល់ជ័យលាភីដែលត្រូវបានជ្រើសរើសផងដែរ។ នៅក្នុងពិធីនោះ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ក្នុងនាមជាគណៈកម្មាភិបាល ក៏បានចូលរួមផងដែរ។

នៅរសៀលដដែលនេះដែរលោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក Diego Martínez Belío អនុរដ្ឋមន្ត្រីការបរទេស និងកិច្ចការសកលអេស្ប៉ាញ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីវិធី និងមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងអេស្ប៉ាញ ទាំងក្នុងកម្រិតទ្វេភាគី និងតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប៕



















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...